នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធករណីចាប់ជំរិត និងប្រើប្រាស់អាវុធខុសច្បាប់

ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៤និង០០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ មានបុរសជនជាតិចិនម្នាក់ រាយការណ៍ថា មានជនជាតិចិនមួយក្រុម មានគ្នាជាង ១០នាក់ ត្រៀមចាប់ជំរិតមិត្តភក្តិរបស់គាត់ ដោយជិះរថយន្ត ៤ ទៅ ៥គ្រឿង ក្នុងនោះមានរថយន្ត ២គ្រឿង ម៉ាក MERCERDES BENZ ពណ៌ស មានមនុស្ស ៣នាក់ និងម៉ាក TUNDRA ពណ៌ទឹកមាស មានមនុស្ស ១នាក់ បានចតនៅមុខក្រុមហ៊ុនរបស់មិត្តភក្តិគាត់ធ្វើការ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ចំណែករថយន្ត ២ ទៅ ៣គ្រឿងទៀត ឈប់នៅខាងក្រៅផ្លូវ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម  កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានចុះទៅដល់ទីតាំងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅក្នុងរថយន្ត ១គ្រឿង ម៉ាក MERCEDES BENZ រីឯ ជនសង្ស័យ ១នាក់ដែលនៅក្នុងរថយន្ត ម៉ាក TUNDRA បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ។ ចំណែក រថយន្ត២ ទៅ ៣គ្រឿងទៀត ដែលជាបក្ខពួករបស់ជនសង្ស័យ បានបើករត់គេចខ្លួនបាត់។

សមត្ថកិច្ច បានបន្តថា ជនសង្ស័យទាំង ០៤នាក់រួមមាន៖ ឈ្មោះ Jin KaiBin ហៅ Lin Yi ឬក៏ Xiao Bin ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ គ្មាន មុខរបរសន្តិសុខ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ឈ្មោះ Wang Ying ហៅ អាយន្តហោះ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ គ្មាន មុខរបរសន្តិសុខ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ឈ្មោះ Yang QianJun ហៅ Ta Jing ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ គ្មាន មុខរបរសន្តិសុខ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ហើយឈ្មោះ Min SiSong ហៅ Xiao Song ភេទប្រុស អាយុ ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EH7292577 និងបក្ខពួកប៉ុន្មាននាក់ទៀត បានរត់គេចខ្លួនបាត់។

ដោយឡែក ជនរងគ្រោះឈ្មោះ Yu Liang ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ EJ1529461 មុខរបរអ្នករកស៊ី ស្នាក់នៅភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានដកហូតវត្ថតាងរួមមាន៖ ទូរស័ព្ទដៃចំនួន ០៥គ្រឿង, កាត ០១សន្លឹក, កូនសោរផ្ទះ ០១, រថយន្ត ០២គ្រឿង (ម៉ាក MERCEDES BENZ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-7333, ម៉ាក TUNRDA ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-2050), កាំភ្លើងខ្លី ០១ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172, បង់ ០១, គ្រាប់ចំនួន ០៨គ្រាប់។

ពាក់ព័ន្ធករណីនេះ កើតឡើងដោយសារ ជនរងគ្រោះ និងជនសង្ស័យ បានសហការគ្នារកស៊ី ចាប់ពីអំឡុង ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ ខែមិថុនា ឆ្នាំ២០២២ ហើយពួកគេបានខាតប្រាក់អស់ចំនួន $១,២០០,០០០ (មួយលានពីរសែនដុល្លារអាមេរិក) បន្ទាប់មក ជនសង្ស័យ បានខឹងជនរងគ្រោះ ទើបរៀបចំផែនការចាប់ជំរិតជនរងគ្រោះតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងសួរនាំ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ដោយឡែក បក្ខពួកជនសង្ស័យ មួយចំនួនទៀត សមត្ថកិច្ច កំពុងស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង