កងរាជអាវុធហត្ថស្រុកស្ទឹងហាវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីរញៀន

ខេត្តព្រះសីហនុ ៖ មន្រ្តីកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានឱ្យដឹងថា កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅចំណុចក្រុម៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីរក្សាទុកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យខាងលើរួមមាន៖ ឈ្មោះ សិត ពិសិទ្ធ ហៅអាខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ ទីកន្លែងកំណើត ភូមិព្រែកក្ដី ឃុំព្រែកក្ដី ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។ ឈ្មោះចាន់ វិត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត ភូមិអូរចារ សង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ និងឈ្មោះសេង រតនៈ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ភូមិរោងវែង ស្រុកកំពង់ត្រាច ខេត្តកំពត ស្នាក់នៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន ១៤កញ្ចប់, ទូរស័ព្ទដៃចំនួន ០៣គ្រឿង, ដែកកេះចំនួន ០៩, ជញ្ជីងថ្លឹងចំនួន ០១, ប្រាក់រៀល ២០០០០០រៀល, ឧបករណ៍សម្រាប់ជក់ចំនួន ១៩, កន្ត្រៃចំនួន ១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ១, ប័ណ្ណចាក់វ៉ាក់សាំងកូវីដ19 ចំនួន ១, លិខិតឆ្លងដែនចំនួន ១, និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវដើម្បីកសាងសំណុំរឿងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាត់ការបន្ត៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង