គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស២នាក់ នៅខេត្តសៀមរាប
ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាល ខេត្តសៀមរាប បានឲ្យដឹងថា មានបុរសម្នាក់ និងស្រ្តីម្នាក់ បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បើកបររថយន្តម៉ាកព្រូស (Prus) ទៅបុករង្វង់មូល ពេញទំហឹង បណ្តាលឲ្យដាច់ឡានជាពីរ។
សមត្ថកិច្ច បញ្ជាក់ថា ហេតុការណ៍ខាងលើនេះ កើតនៅត្រង់ចំណុចមុខវិទ្យាល័យសម្តេចឪ ផ្លូវបំបែកបត់ទៅ ព្រលានយន្តហោះអន្តរជាតិសៀមរាប ស្ថិតក្នុងសង្កាត់ស្រងែ ក្រុងសៀមរាប នៅម៉ោងប្រមាណ ៤ទាបភ្លឺថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ។
សាកសពជនរងទាំងពីរ សមត្ថកិច្ច នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយសាក្សីនៅកន្លែងកើតហេតុ បានអះអាងថា ឃើញជនរងគ្រោះប្រុសស្រីទាំងពីរ បានផ្លោងចេញពីឡាន ទៅធ្លាក់ក្នុងដីឡូដ៍មួយកន្លែងក្បែរ នៅទីតាំងកើតហេតុ ។
យ៉ាងនេះក្តី សមត្ថកិច្ច កំពុងស្រាវជ្រាវលើករណីខាងលើនេះ ដោយយកចិត្តទុកដាក់..៕