រង្វង់មូលសីហរាជមុខបី នឹងបើកឱ្យចរាចរណ៍សាកល្បង នៅថ្ងៃទី២៥ ខែមិថុនានេះ

ខេត្តព្រះសីហនុ៖ រង្វង់មូលសីហរាជមុខបី នឹងបើកឱ្យធ្វើចរាចរណ៍សាកល្បង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីក្រុមការងារបច្ចេកទេសធ្វើការអ៊ុតកៅស៊ូ AC ស្រទាប់ទីមួយរួចរាល់។

នេះបើតាមការបញ្ជាក់ពី លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្នុងអំឡុងពេល ចុះពិនិត្យការដ្ឋានអ៊ុតកៅស៊ូ AC នៅរង្វង់មូលសីហរាជមុខបី មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

នាឱកាសនោះ លោក គួច ចំរើន មានប្រសាសន៍ថា ការស្ថាបនារង្វង់មូលសីហរាជមុខបីនេះ គឺអាចកាត់បន្ថយការកកស្ទះ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចនោះផងដែរ។ ជាងនេះទៀត ក៏បានរៀបចំកែលម្អសួនច្បារ នៅរង្វង់មូលសហរាជមុខបី កាន់តែមានសោភ័ណភាពបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋ អាចមកលេងកម្សាន្ត និងថតផ្តិតយករូបភាពបានថែមទៀតផង។

ជាមួយគ្នានោះ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានឱ្យដឹងថា ការស្ថាបនាផ្លូវនៅរង្វង់មូល សីហរាជមុខបី នេះ គឺត្រូវស្ថាបនាឡើង ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់ ០.២ម ចាក់ក្រាលកៅស៊ូអេស៉ីកម្រាស់ ០.១ម មានប្រព័ន្ធលូព័ទ្ធជុំវិញរង្វង់មូល មានរៀបចំសួនច្បារ មានដងទង់ជាតិ មានបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ២២ដើម និងបំពាក់បរិក្ខារចរាចរណ៍។

បន្ថែមលើនេះ ក៏នឹងមានការបើកប្រឡោះឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខការ៉ាសសាំង PTT ឃ្លាំងលើ មួយបន្ថែមទៀត ដើម្បីកាត់បន្ថយការជិះបញ្ច្រាសផ្លូវ និងងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ផងដែរ ប៉ុន្តែត្រូវកាត់បន្ថយល្បឿនធ្វើដំណើរ ដោយកំណត់មកនៅត្រឹម៤០ ឬ៦០ គីឡូម៉ែត្រ ក្នុងមួយម៉ោងវិញ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង