អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យសកម្មភាពស្តារអូរប្រឡាយ ក្នុងភូមិសាស្ត្រសង្កាត់៤

ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យប្រព័ន្ធលំហូរទឹកអូរប្រឡាយ ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

នាឱកាសនោះ លោកប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយមានការណែនាំពី លោកអភិបាលខេត្ត មន្ទីរបានស្តារអូរមួយខ្សែ ចាប់ពីអង្គការម្លប់តាប៉ាងរហូតដល់អាងចម្រោះទឹកកខ្វក់ ១៦ហិកតា មានប្រវែង ១៨០០ម៉ែត្រ ដោយប្រើប្រាស់គ្រឿងចក្រចំនួន ៣គ្រឿង ហើយកាយស្តាររយៈពេល ២០ថ្ងៃ មានអាចម៍ដីប្រមាណ ១ម៉ឺនម៉ែត្រគីប។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានធ្វើការណែនាំឱ្យលោកប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ត្រូវកាយស្តារអូរប្រឡាយឱ្យបានធំជ្រៅ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា។

លោកអភិបាលខេត្ត បានបញ្ជាក់ថា នៅពេលភ្លៀងទឹកភ្លៀងបានហូរនាំយកដីខ្សាច់ចាក់ចូលក្នុងអូរប្រឡាយ ប្រសិនបើយើងមិនមានវិធានការស្តារនោះទេ នឹងធ្វើឱ្យចរន្តទឹកហូរមិនបានលឿន ដែលអាចបង្កជាជំនន់ទឹកភ្លៀង។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានស្នើសុំបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយរដ្ឋបាលក្រុង ខេត្ត ធ្វើការវេចខ្ចប់និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មិនត្រូវបោះចោលពាសវាលពាសកាលនោះទេ ព្រោះនៅពេលភ្លៀងវាអាចហូរចូលតាមលូ អូរ ប្រឡាយធ្វើឱ្យស្ទះផ្លូវទឹកនាំឱ្យមានការជន់លិច៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង