ពិធីប្រគល់-ទទួលឧបករណ៍ លាងសម្អាតដៃ ប្រើដោយឈ្នាន់ជាន់ជើង ដល់សាលារៀនគោលដៅ ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ពិធីប្រគល់-ទទួលឧបករណ៍លាងសម្អាតដៃ ប្រើដោយឈ្នាន់ជាន់ជើងជូនដល់សាលារៀនគោលដៅ ក្នុងខេត្តព្រះសីហនុ ដែលឧបត្ថម្ភដោយអង្គការភ្លែនអន្តរជាតិកម្ពុជា និងមូលនិធិសប្បុរសធម៌ព្រីនស៍ នៅសាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ។

ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងក្រុង អ្នកស្រីប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

នាឱកាសនោះ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ថា អង្គការភ្លែនអន្តរជាតិកម្ពុជា បានសហការជាមួយមូលនិធិសប្បុរសធម៌ព្រីនស៍ ឧបត្ថម្ភឧបករណ៍លាងសម្អាតដៃប្រើដោយឈ្នាន់ជាន់ជើងជូនសាលារៀនទូទាំងខេត្ត ចំនួន ១៩៨គ្រឿង និងសាប៊ូទឹកចំនួន ២៨៤ដប ជូនដល់សាលារៀន ក្នុងក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ ។

ចំណែក លោក គួច ចំរើន បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអរគុណដល់អង្គការភ្លែនអន្តរជាតិកម្ពុជា និងមូលនិធិសប្បុរសធម៌ព្រីនស៍ បានផ្តល់ឧបករណ៍លាងសម្អាតដៃ ដោយឈ្នាន់ជាន់ជើង សម្រាប់សិស្សានុសិស្សនៅទូទាំងខេត្តព្រះសីហនុបានប្រើប្រាស់។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរ អប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយល់ដឹងពីគុណតម្លៃនៃសម្ភារៈ ឧបករណ៍ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា ក៏ដូចជាការចូលរួមថែទាំសុខភាពគ្រូ និងសិស្សរបស់យើង។ កម្ពុជាឆ្លងកាត់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ក្នុងនោះជំងឺផ្តាសាយក៏មានការថមថយ ធ្វើឱ្យសុខភាពគ្រូ និងសិស្សកាន់តែរឹងមាំ។ លោកបន្តថា ដើម្បីលើកកម្ពស់សុខភាពសាធារណៈសូមប្រើប្រាស់ឧបករណ៍ និងសម្ភារៈទាំងនេះឱ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់យើង។ យើងត្រូវរួមគ្នាម្ចាស់ការថែរក្សាសម្ភារៈ និងឧបករណ៍ដែលជាគុណប្រយោជន៍ នៃការថែទាំអនាម័យគ្រូ និងសិស្សរបស់យើងនៅតាមសាលានីមួយៗនៅទូទាំងខេត្តព្រះសីហនុ។

លោកអភិបាលខេត្ត បានថ្លែងការកោតសរសើរមូលនិធិសប្បុរសធម៌ព្រីនស៍ ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ តាមរយៈការផ្ដល់ជាសម្ភារៈនិងថវិកា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២១កន្លងមក ។ ទន្ទឹមនឹងនោះ មូលនិធិសប្បុរសធម៌ព្រីនស៍ ក៏បានចូលរួមជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និងជញ្ជាំងបេតុងអូរប្រឡាយ ដើម្បីរួមចំណែកកែលម្អសោភ័ណភាពក្រុងព្រះសីហនុ ឱ្យកាន់តែមានសណ្ដាប់ធ្នាប់ល្អ និងបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងផងដែរ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង