សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់

ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ទ សហការជាមួយនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ តាមបណ្ដាលខេត្តចំនួន ៣ផ្សេងៗគ្នា ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរជនសង្ស័យដែលបានទាញកាំភ្លើងបាញ់មកលើលោកអធិការរងម្នាក់បណ្តាលឱ្យរងរបួស កាលពីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ រួចមក ទើបសមត្ថកិច្ចបើកការស៊ើបអង្កេតរហូតឈានដល់ការឃាត់ខ្លួនជនជាប់សង្ស័យជួញដូរអាវុធខុសច្បាប់ ជាជនជាតិខ្មែរចំនួន ៣នាក់ ជាបន្តបន្ទាប់ តាមបណ្តាខេត្ត ៣ផ្សេងគ្នា ក្នុងនោះមានខេត្តបន្ទាយមានជ័យ ឧត្តមានជ័យ និងខេត្តកណ្តាល ព្រមទាំងដកហូតអាវុធវែងខ្លី ជាង២០ដើមផងដែរ។

គួររំលឹកផងដែរថា កាលពីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោយពីទទួលបានបណ្តឹងពីអ្នកបើកបររថយន្តតាក់ស៊ីរាយការណ៍មកថា មានជនជាតិវៀតណាមមួយក្រុមជិះរថយន្តរបស់គាត់ ហើយបានដកកាំភ្លើងភ្ជុងគំរាមគាត់ ភ្លាមៗសមត្ថកិច្ចបានដាក់កម្លាំងស្ទាក់ដើម្បីត្រួតពិនិត្យ នៅចំណុចផ្លូវអាដឺឡុងចុះមកឆាយណាថោន ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ លុះមុខសញ្ញាមកដល់សមត្ថកិច្ចក៏បានចូលទៅត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យទាំងនោះ ព្យាយាមមិនសហការជាមួយសមត្ថកិច្ច ហើយបុរសជនជាតិម្នាក់ ក្នុងចំណោម៥ នាក់នោះ ក៏បានទាញកាំភ្លើងបាញ់មកលើសមត្ថកិច្ច ១គ្រាប់ បណ្តាលឱ្យលោកអធិការរងម្នាក់ បានរងរបួសជើងខាងស្តាំ។ ហើយក្នុងចំណោម ៥នាក់នោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៣នាក់(ស្រី ១នាក់) ចំណែកមនុស្ស ២នាក់ទៀត(ស្រី ១នាក់) សមត្ថកិច្ចបានដោះលែងវិញ ក្រោយសាកសួរមិនមានការពាក់ព័ន្ធ។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនខ្មាន់កាំភ្លើង និងបក្ខពួក ព្រមទាំងជនជាប់សង្ស័យជួញដូរអាវុធ សរុបចំនួន ៦នាក់ (ស្រី ១នាក់)៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង