សិក្ខាសាលាស្តីពី ការយល់ដឹងពីការធ្វើអាជីវកម្ម របស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់

ខេត្តព្រះសីហនុ ៖ សភាពាណិជ្ជកម្មកម្ពុជា CDC និងក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលា ស្តីពីការយល់ដឹងពីការធ្វើអាជីវកម្ម របស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់។

ពិធីនេះបានរៀបចំឡើង នៅព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក គង់ វិតាណៈ អភិបាលរងខេត្ត ព្រមទាំងលោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុ។

នាឱកាសនោះ លោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុ បានឱ្យដឹងថាសិក្ខសាលានាថ្ងៃនេះ នឹងផ្តល់នូវពុទ្ធិដ៏មានតម្លៃមួយលើផ្នែកធុរកិច្ចដោយបានផ្ដល់យ៉ាងសុក្រឹត នូវកិច្ចការពារផ្នែកផ្លូវច្បាប់ ក្នុងបញ្ចៀសហានីភ័យ ដែលអាចនឹងកើតមានឡើងនៅក្នុងដំណើរមុខរបរ ផលិត លក់ ទិញប្រើប្រាស់ ដែលជានីតិវិធីគ្រឹះ របស់សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងធុរកិច្ចទាំងឡាយ។

លោកបន្តថា សិក្ខាកាមទាំងអស់នាថ្ងៃនេះ នឹងទទួលបាននូវចំណេះដឹងដ៏មានតម្លៃ ដែលជាធាតុចូលមិនអាចខ្វះបាន ក្នុងការប្រកបមុខរបរទទួលបានប្រកបដោយតម្លាភាព ប្រកួតប្រជែង ដោយស្មើភាព ទទួលបានការពេញចិត្តពីអតិថិជនគ្រប់រូប ដែលនេះ នឹងដឹកនាំទៅរកធុរកិច្ចមួយប្រកបដោយប្រសិទ្ធិភាព និងជោគជ័យ។

លោក គង់ វិតាណៈ អភិបាលរងខេត្ត មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ខ្ញុំបាទសូមសម្តែង នូវការគាំទ្រការរៀបចំសិក្ខាសាលាផ្សព្វផ្សាយដល់ ម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស ពាណិជ្ជករ អាជីវករ និងវិនិយោគិនទាំងអស់ ដើម្បីទទួលបានចំណេះបន្ថែមពីអ្នកជំនាញអញ្ជើញមកពីស្ថាប័ននានានៃក្រសួងពាណិជ្ជកម្មមកធ្វើបទបង្ហាញបកស្រាយបំភ្លឺអំពីច្បាប់ពាក់ព័ន្ធទៅនឹងការពិតជាក់ស្តែង។ ហើយខ្ញុំបាទសង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងចូលរួមគោរពច្បាប់ ដែលបានចែងដោយរាជរដ្ឋាភិបាលយើង ដើម្បីបង្កើនប្រសិទ្ធភាព និងបរិយាសកាសអាជីវកម្ម និងពាណិជ្ជកម្មរបស់ប្រទេសយើងឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងទិសដៅលើកស្ទួយសេដ្ឋកិច្ចជាតិ បង្កើនប្រាក់ចំណូលជាតិ ធ្វើឱ្យប្រទេសជាតិមានវឌ្ឍនភាពទៅមុខជាលំដាប់។

ចំណែក លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែថា មន្ត្រីជំនាញដែលអញ្ជើញមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នឹងផ្តល់ចំណេះដឹងលម្អិតបន្ថែមទៀត អំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹង ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា។

សភាពាណិជ្ជ បានបញ្ជាក់ថា សិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្ម របស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» នឹង ចាប់ផ្តើមពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តាខេត្ត១៧ ដោយទទួលបានការឧបត្ថម្ភពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ,ធនាគារ វីង (ខេមបូឌា) ម.ក. , សណ្ឋាគារ និងកាស៊ីណូ ឃ្វីនកូ, ធនាគារ ព្រីនស៍ ម.ក,សហគ្រិនខ្មែរធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ,កំពង់ផែស្វយ័តភ្នំពេញ និងធនាគារកាណាឌីយ៉ា៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង