ពិធីសម្ពោធក្រុហ៊ុនមេធាវី ជេ អេ វ៉ាយ និងក្រុមហ៊ុនទេសចរណ៍ ឡឺសូឡី ម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.ក

ខេត្តព្រះសីហនុ ៖ ពិធីសម្ពោធក្រុហ៊ុនមេធាវី ជេ អេ វ៉ាយ (J.A.Y LAW FIRM) និងក្រុមហ៊ុនទេសចរណ៍ ឡឺសូឡី ម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.ក មានទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ពិធីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ។

នាឱកាសនោះ លោក ដូង លឿង ប្រធានក្រុមហ៊ុនមេធាវី ជេ អេ វ៉ាយ បានស្វាគមន៍ ការបើកសម្ពោធក្រុមហ៊ុននាពេលនេះ ដោយមើលឃើញខេត្តព្រះសីហនុមានការអភិវឌ្ឍន៍រីកចំរើនខ្លាំងលើវិស័យវិនិយោគឯកជន ជាពិសេសការវិនិយោគរបស់ជនជាតិចិន ដែលដាក់ទុនវិនិយោគ និងប្រកបអាជីវកម្មកាន់តែច្រើន ត្រូវការសេវាកម្មច្បាប់រួមមាន៖
១-ប្រឹក្សាយោបល់អំពីច្បាប់គ្រប់ រឿងក្តី (ព្រហ្មទណ្ឌ, រដ្ឋប្បវេណី, ពាណិជ្ជកម្ម និងការងារ។ល។)
២-ទទួលប្រឹក្សា និងរៀបចំបំពេញ បែបបទស្នើសុំអាជ្ញាប័ណ្ណផ្សេងៗ និងចុះបញ្ជីក្រុមហ៊ុនពាណិជ្ជកម្ម
៣-ផ្តល់មេធាវីប្រចាំក្រុមហ៊ុន ដើម្បីឱ្យដំណើរការស្របច្បាប់ និងជៀសផុតពីការពិន័យ ឬទទួលទណ្ឌកម្មតាមច្បាប់
៤- តាក់តែងកិច្ចសន្យា និងលិខិតបទដ្ឋានគ្រប់ប្រភេទតំណាងឱ្យភាគីចូលរួមចរចារកិច្ចសន្យា
៥-ទទួលធ្វើជាតំណាងរឿងក្ដីរដ្ឋប្បវណីគ្រប់ប្រភេទ និងនៅគ្រប់សមត្ថកិច្ចដោះស្រាយវិវាទ
៦-ទទួលការពារក្តីព្រហ្មទណ្ឌ ឬតំណាងឱ្យជនរងគ្រោះក្នុងរឿងក្តីព្រហ្មទណ្ឌនៅគ្រប់សាលាក្តី និងគ្រប់ស្ថាប័នមានសមត្ថកិច្ច។

ចំណែក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរក្រុមហ៊ុនទាំងពីរ ដែលសម្រេចចិត្តរួមគ្នាបើកដំណើការអាជីវកម្មនៅខេត្តព្រះសីហនុ ក្នុងបរិយាកាសសមស្រប ដែលកម្ពុជាឆ្លងកាត់ជំងឺកូវីដ-១៩ និងពិភពលោក ហើយកម្ពុជាបានធ្វើការបើកសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញ។ កម្ពុជាកំពុងជំរុញគោលនយោបាយតាមរាជធានីខេត្ត ក្នុងនោះខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ទន្ទឹមនោះក៏មានហេដ្ឋារចនាសម្ព៏ន្ធផ្លូវថ្នល់ជាច្រើនខ្សែត្រូវបានកសាងមានការអភិវឌ្ឍលឿន។

លោកអភិបាលខេត្តបន្តថា ពិធីសម្ពោធថ្ងៃនេះ គឺជាសក្ខីភាពបានបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ខិតសេវាកម្មច្បាប់ឱ្យកាន់តែកៀកងាយស្រួលសម្រាប់ប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុ ក្នុងការស្វែងរកសេវាមេធាវី ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តព្រះសីហនុនាពេលខាងមុខ សូមឱ្យក្រុមហ៊ុនទាំងពីរប្រកបអាជីវកម្មរកស៊ីទទួលទាននៅខេត្តព្រះសីហនុទទួលបានជោគជ័យ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង