PM ស្រុកស្ទឹងហាវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

​ខេត្តព្រះសីហនុ៖ មន្ត្រីកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានឱ្យដឹងថា កាលពីវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅចំណុចក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

សមត្ថកិច្ច បានបន្តថា ជនសង្ស័យខាងលើ រួមមាន៖ ឈ្មោះ សៀក សុី ភេទប្រុស អាយ ៤១ឆ្នាំ ទីកន្លែងកំណើតភូមិព្រែកសាហាយ ឃុំពូលធិបាន ស្រុកកោះធំ ខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅ ក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ឈ្មោះ អាង សេងហួរ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតភូមិចំការលើ ឃុំអណ្ដូង ស្រុកតារាសាគរ ខេត្តកោះកុង បច្ចុប្បន្នស្នាក់នៅ ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងឈ្មោះ វ៉ាន់ ពិសិដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ ទីកន្លែងកំណើត ភូមិឫស្សី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។

សមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅសថ្លាចំនួន ២កញ្ចប់, ខ្សៀចំនួន ៥, ដបជក់ចំនួន ១, ជញ្ជីងថ្លឹងចំនួន ០១, កន្ទ្រៃចំនួន ២, កាំភ្លើងកែឆ្នៃចំនួន ៤ដើម, ដាវចំនួន ១, ទូរស័ព្ទដៃចំនួន ០៥គ្រឿង, លុយរៀលចំនួន ១០ម៉ឺនរៀល, ដែកកេះចំនួន ០៦ និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង