សម្តេចតេជោ ហ៊ុន សែន ​ជួបពិភាក្សាការងារតាមប្រព័ន្ធទូរសព្ទ ជាមួយអគ្គលេខាធិការ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

រាជធានីភ្នំពេញ ៖  កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធទូរសព្ទ ជាមួយ លោក ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្ត​វៀតណាម ក្នុងឱកាសអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា១៩៥១-២៨មិថុនា២០២២)។
លោក ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈមបក្សកុម្មុយនីស្តវៀតណាម បាន​ទូរសព្ទដោយផ្ទាល់ មកកាន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការជូនពរដោយផ្ទាល់​ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នូវការអបអរសាទរខួប ៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោក ង្វៀន ភូជុង ក៏បានសំដែងនូវអំណរសាទរ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យ លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និយាយជារួម និងនិយាយដោយឡែកសូមសំដែង នូវការអបអរសាទរជូនគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះដ៏លើសលុប ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅថ្មីៗនេះ ។
នៅក្នុងកិច្ចសន្ទនាគ្នានោះដែរ លោក ង្វៀន ភូជុង បានអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ដែលបានប្រារព្វខួប ៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ​(២០មិថុនា១៩៧៧-២០មិថុនា២០២២) នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ កោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានសំដែងនូវការអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំបញ្ជាគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ ដំណើរការ នៃការបើកប្រទេសឡើងវិញ ការស្តារសេដ្ឋកិច្ច សង្គម មានភាពល្អប្រសើរ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណ ជូនចំពោះ លោក ង្វៀន ភូជុង ដែលបានទូរសព្ទទំនាក់ទំនងដោយផ្ទាល់មកកាន់រូបសម្តេច ពិសេសការចូលរួមអបអរសាទរខួប ៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងអបអរសាទរចំពោះលទ្ធផលជាវិជ្ជមាន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ផង ។
សម្តេចតេជោមានប្រសាសន៍ថ្លែង អំណរគុណជូនចំពោះ លោក ង្វៀន ភូជុង និងរដ្ឋាភិបាលវៀតណាម ដែលបានសហការជួយរៀបចំកម្មវិធីខួប ៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ។
តាមរយៈកិច្ចសន្ទនាគ្នានោះ សម្តេចតេជោ បានសំដែងនូវការអបអរសាទរ ជូនចំពោះរដ្ឋាភិបាលវៀតណាម ដែលបានចាត់វិធានការទប់ស្កាត់ការរីករាល នៃជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ដែលធ្វើឲ្យប្រទេសវៀតណាម វិលមកប្រក្រតីភាពឡើងវិញ និងទទួលបានជោគជ័យលើវិស័យសេដ្ឋកិច្ច សង្គម ការបើកសេដ្ឋកិច្ចឡើងវិញ និងរក្សាបាន នូវគំណើនសេដ្ឋកិច្ចគួរឲ្យកត់សំគាល់។
នៅក្នុងកិច្ចសន្ទនា ដែលបានចំណាយពេលប្រមាណជាង ៣០នាទី សម្តេចតេជោ និង លោក ង្វៀន ភូជុង បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ប្រទេសទាំងពីរ កម្ពុជា វៀតណាម ឲ្យកាន់តែរឹងមាំនិងរីកចំរើនទ្វេឡើងថែមទៀត៕
អត្ថបទដែលជាប់ទាក់ទង