នគរបាលខេត្តព្រះសីហនុ ត្រៀមចុះ​បង្ក្រាបអ្នកប្រេីប្រាស់ ​និងធ្វេីអាជីកម្ម​ផលិតផលសុីហ្សា​ និងបារីអេឡិចត្រូនិច​

ខេត្តព្រះសីហនុ ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ​នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានបន្ត​សហការជាមួយ កម្លាំងការិយាល័យប្រឆាំងបទល្មេីសសេដ្ឋកិច្ច​ ចុះផ្សព្វផ្សាយ និងចុះកិច្ចសន្យា ស្តីអំពីការចាត់វិធានការ បង្ការ បញ្ឈប់ការប្រេីប្រាស់ ការធ្វេីអាជីកម្ម និងការនាំចូលផលិតផលសុីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-Cigarette) នៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ដែលផលិតផលនេះ អ្នកជំនាញ អះអាងថា ​ជាផលិតផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ។
​សកម្មភាពនេះ បានអនុវត្តស្របតាម សេចក្តីណែនាំលេខ០០១/១៤ ស.ណ.ន ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្តីពីការចាត់វិធានការ​បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្មនិងការនាំចូលផលិតផល សុីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) នៅព្រះរាជាណាចក្រកម្ពុជា។
មន្ត្រីនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា សកម្មខាងលើនេះ ត្រូវចុះអនុវត្តន៍ជាបន្តបន្ទាប់ រួមមានទាំងវិធានការអប់រំ​ ​និងការអំពាវនាវដល់ប្រជាពលរដ្ឋ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជនចូលរួមសហការ ​ទប់ស្កាត់ ការចរាចរណ៍ និងការប្រើប្រាស់ ឲ្យមានប្រសិទ្ធភាព។
ជាងនេះ ក៏ស្នើដល់ប្រជាពលរដ្ឋ ឬអាណាព្យាបាល និងអ្នកពាក់ព័ន្ធ ត្រូវផ្តល់ព័ត៌មានមកកាន់ អាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីទទួលបានព័ត៌មានអំពីសកម្មភាព នៃបទល្មើសខាងលើនេះ ៕​
អត្ថបទដែលជាប់ទាក់ទង