ក្រសួងសុខាភិបាល ស្នើដល់ក្រសួងពាក់ព័ន្ធ អន្តរាគមន៍ផ្លូវច្បាប់ ​លើការលក់ផលិតផល បារីអេឡិចត្រូនិក

រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានស្នើអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងស្ថាប័នពាក់ព័ន្ធ ឲ្យជួយអន្តរាគមន៍ផ្លូវច្បាប់ ទៅលើការផ្សព្វផ្សាយការលក់ផលិតផលបារី អេឡិចត្រូនិក អេចឈ៍ ធី ភី តាមរយៈបណ្តាញព័ត៌មានសង្គមនានា។
លោក អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធាន​អចិន្ត្រៃយ៍ ​គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ​ថ្លែងក្នុងកិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីបណ្តាក្រសួង រាជធានី-ខេត្ត ដែលជាសមាជិក សមាជិកាគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលេខាធិការដ្ឋាន។
លោក​បន្ត​ថា បារីអេឡិចត្រូនិក ជាផលិតផលថ្មី ដែលបង្កហានិភ័យធ្ងន់ធ្ងរ​ទាំងអ្នក​ប្រើប្រាស់ និងអ្នកស្រូបយកចំហាយ។ ផ្តើមពីបញ្ហានេះ ក្រសួងសុខាភិបាល សូមអំពាវនាវដល់​សាធារណជន​គប់រូប ​ដែលកំពុងប្រើប្រាស់ផលិតផលថ្នាំជក់ ​សូមលៈបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ និង​អ្នកដែលមិនទាន់ចាប់ផ្តើមប្រើប្រាស់ផលិតផលថ្នាំជក់ សូមចៀសវាងពីការប្រើប្រាស់ផលិតផល​ថ្នាំជក់ ​ផលិតផលបារីអេឡិចត្រូនិកគ្រប់ប្រភេទ ​ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពបុគ្គល គ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ ។
បន្ថែមលើនវ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្ត និង​ជំរុញការអនុវត្តច្បាប់ស្តីពី ​ការត្រួតពិនិត្យផលិតផលថ្នាំជក់ ​ឲ្យមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។
ទន្ទឹមនឹងនោះ ក្នុងនាមក្រសួងសុខាភិបាល លោក អ៊ឹង ភីរុន និងតំណាងអង្គការសុខភាពពិភព​លោក​ប្រចាំកម្ពុជា ក៏បានអបអរសាទរដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​ដែល​បាន​ចេញសេចកី្តណែនាំស្តីពី ការចាត់វិធានការ បង្ការទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល បារីអេឡិចត្រូនិក អេចឈ៍ ធី ភី ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា ក្រសួងសុខាភិបាល​ ក្នុងនាមជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់កន្លងមក បាន​ចូលរួមអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់​ នៃបារីអេឡិចត្រូនិក ដល់គណៈកម្មាធិការត្រួតពិនិត្យ​ផលិត​ផលថ្នាំជក់ ស្ថាប័នពាក់ព័ន្ធ និងសាធារណជន និងបានចូលរួមសហការ​ជាមួយគណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ​ ក្នុងការចុះតាមដាន ឃាត់ ការលក់ដូរចែកចាយបារី​អេឡិចត្រូនិក។
សូមបញ្ជាក់​ថា កិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់នេះ រៀបចំឡើងក្នុងគោលបំណងជំរុញ ការអនុវត្តអនុក្រឹត្យលេខ​១៤៩ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ស្តីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផល​ថ្នាំជក់ ​និងជំរុញការពង្រីកសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់​ផលិតផល​ថ្នាំជក់ ឲ្យសមស្របទៅតាមអនុសញ្ញាអន្តរជាតិ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ របស់​អង្គការ​សុខភាពពិភពលោក និងស្របតាមការវឌ្ឍនភាព​ នៃការអនុវត្តព្រមានសុខភាពជាភាសាខ្មែរ និង​ជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ​ក្នុងចំណោមប្រទេសក្នុងតំបន់៕
អត្ថបទដែលជាប់ទាក់ទង