ព័ត៌មានទាក់ទងការឈ្លានពាន របស់រុស្ស៊ី លើអ៊ុយក្រែន ថ្ងៃទី២៧ ខែមិថុនា

អ៊ុយក្រែន ៖ ព័ត៌មានទាក់ទង ការឈ្លានពាន របស់រុស្ស៊ី លើអ៊ុយក្រែន
២៧ មិថុនា ២០២២ រួមមាន ៖

• ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​ ០៧ ​ឬហៅ​ថា ​ G-7 ​នឹង​បន្ត​ដាក់​សម្ពាធ​លើប្រទេស​រុស្ស៊ី​ ចំពោះ​ការ​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន។

អធិការបតី​អាល្លឺម៉ង់ គឺ ​លោក​ Olaf Scholz ​បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃ​ចន្ទ ​ក្នុង​កិច្ច​ប្រជុំ​កំពូល ​G-7​ ដែល​អាល្លឺម៉ង់​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ជំនួប​នេះ។

• លោក ​Volodymyr Zelenskyy ​កាលពី​ថ្ងៃចន្ទ​ បាន​ជំរុញ​ឲ្យ​មេដឹកនាំ ​នៅ​កិច្ច​ប្រជុំ​ប្រទេស​ G-7 ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​បញ្ចប់​ការ​ឈ្លានពាន ​របស់​រុស្ស៊ី​លើ​ប្រទេស​របស់​លោក​ នៅ​ត្រឹម​ចុង​ឆ្នាំ ​២០២២ ​នេះ។

នេះ​បើ​យោង​តាម​ប្រភព​មួយ​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​AFP។ ​

• កាលពី​ថ្ងៃ​ចន្ទ ​លោក ​Volodymyr Zelenskyy ​បាន​ស្នើ​សុំ​ប្រព័ន្ធ​ការពារ​ការ​វាយប្រហារ​តាម​អាកាស​ – ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី ​និង​ការ​ធានា​សន្តិសុខ ​នៅ​ពេល​លោក​បាន​ថ្លែង​ទៅកាន់​ក្រុម​មេដឹកនាំ​ នៃ​ប្រទេស​ជា​សមាជិក ​G-7 ។​

នេះ​បើ​តាម​មន្ត្រី​អឺរ៉ុប​ម្នាក់​ ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​

• កាលពី​ថ្ងៃ​ចន្ទ ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ទណ្ឌកម្ម​ថថ្មី របស់​ប្រទេស​ G-7 ​លើ​វិស័យ​ការពារ​ជាតិ ​របស់​រុស្ស៊ី​ ក្នុង​គោល​បំណង​ដើម្បី​ធ្វើ​ឲ្យ​សមត្ថភាព​យោធា ​របស់​រដ្ឋាភិបាល​រុស្ស៊ី ​ចុះ​ខ្សោយ​ ក្នុង​អំឡុង​ការ​ឈ្លានពាន ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

នេះ​បើ​យោង​តាម​ សេចក្តី​រាយការណ៍ ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។​

• នៅ​ថ្ងៃ​ចន្ទនេះ​ កង​ទ័ព​រុស្ស៊ី ​កំពុង​វាយ​ប្រយុទ្ធ​ ដើម្បី​ចូល​កាន់កាប់​ទីក្រុង​ Lysychansk ​ដែល​ជា​ទីក្រុង​ដ៏​ធំ​មួយ​ចុង​ក្រោយ​បង្អស់​គ្រប់គ្រង ​ដោយ​ទាហាន​អ៊ុយក្រែន ​ក្នុង​តំបន់​ Luhansk​ ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ​បន្ទាប់​ពី​ក្រុម​ផ្តាច់ខ្លួន​ពី​រដ្ឋាភិបាល​អ៊ុយក្រែន​ ដែល​គាំទ្រ​ដោយ​រុស្ស៊ី ​បាន​អះអាង​ថា​ ពួកគេ​កំពុង​ក្តោប​ក្តាប់​ទីតាំង​ប្រយុទ្ធ​ជា​ច្រើន​កន្លែង។

​នេះ​យោង​តាម​ សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។​

• នៅ​ថ្ងៃ​ចន្ទ​ដដែល​នេះ​ អាជ្ញាធរ​ក្នុង​តំបន់​ បាន​ជំរុញ​ឲ្យ​ជនស៊ីវិល​ជម្លៀស​ខ្លួន​ជា​បន្ទាន់ ​ចេញ​ពី​ទីក្រុង ​Lysychansk ​ ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន ​ដែល​កំពុង​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​កងទ័ព​រុស្ស៊ី។​

​មុន​ការ​ឈ្លានពាន​ របស់​រុស្ស៊ី​ កាលពី​ថ្ងៃទី​២៤ ​ខែ​កុម្ភៈ ​មនុស្ស​ប្រមាណ ១ ​សែន​នាក់ រស់​នៅ​ទីនោះ។

​នេះ​បើ​តាម​ សេចក្តី​រាយការណ៍​ របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។ ​

• អភិបាល ​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទថា ស្ត្រី​ពីរនាក់​ត្រូវបាន​សម្លាប់នៅ​ក្នុង​ការ​វាយប្រហារ​របស់​រុស្ស៊ី​ លើ​តំបន់ Kharkiv ក្នុង​រយៈពេល​ ២៤ ម៉ោង​កន្លង​ទៅ​នេះ។

នេះ​បើ​តាម ​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​

• ប្រទេស​អ៊ុយក្រែន​ នឹង​តំបន់​ខ្ពស់​ក្នុង​ទីក្រុង ​Lysychansk ​ដើម្បី​ការពារ​មូលដ្ឋាន​យោធា​នៅ​ភាគខាង​កើត​ប្រទេស​ ​ បន្ទាប់​ពី​បាន​ដក​ខ្លួន​ចេញ​ពី​តំបន់​ប្រយុទ្ធ​បង្ហូរ​ឈាម​ជាមួយ​រុស្ស៊ី​.នៅ​ក្នុង​ទីក្រុង​ក្បែរ​នោះ ​ហើយ​រដ្ឋាភិបាល​អ៊ុយក្រែន ​នឹង​ព្យាយាម​គ្រប់គ្រង​ស្ថានភាព​ក្នុង​តំបន់​នោះ។

• លោក Vladimir ​Putin​ ប្រធានាធិបតីរុស្ស៊ី នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ Tajikistan ​ (តាហ្ស៊ីគីស្ថាន)​ នៅ​ថ្ងៃ​អង្គារ។

នេះ​បើ​យោង​តាម ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី។ នេះ​គឺជា​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​លើក​ដំបូង ​របស់​លោក ​Putin ​ចាប់តាំង​ពី​រដ្ឋាភិបាល​រុស្ស៊ី​ បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​យោធា ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន៕ ប្រភព ៖ VOA

អត្ថបទដែលជាប់ទាក់ទង