សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញ អបអរសាទរខួប​៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា

រាជធានីភ្នំពេញ ៖ នៅព្រឹក​ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២​នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។
ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹក នៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស, អនុប្រធានបក្សទាំង ៤រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ ,សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ជាច្រើនរូបទៀត។
នៅថ្ងៃនេះផងដែរ​ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញ នូវក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប៧១ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ជាប្រវត្តិសាស្រ្ត។ សម្តេចតេជោបានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ច នូវគោលបំណង និងឧត្តមគតិ របស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា ក្នុងរយៈពេលជាង ៤០ឆ្នាំ កន្លងមកនេះ កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមរភូមិ នៃសង្គ្រាមដ៏រាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងគារវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបាន និងកំពុងគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់នៃប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី។ ទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាខ្ជាប់ នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម។
សម្តេចតេជោបានមានប្រសាន៍ថា ការសម្រេចបាន កំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព ក្នុងរយៈពេលជាង ២ទសវត្សមកនេះ បានធ្វើឱ្យកម្ពុជាចេញផុតពីប្រទេស មានចំណូលទាប ទៅជាប្រទេស មានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេច នូវចក្ខុវិស័យ របស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ភាពក្រីក្រ របស់ប្រជាជន ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពសង្គមមាន ភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំ ក្នុងសង្គមខ្មែរ។ កម្ពុជាបាននិង កំពុងចូលរួមដោយស្មើភាព និងស្មើសិទ្ធិ ក្នុងកិច្ចការអន្តរជាតិនានាទាំងក្របខណ្ឌតំបន់ និង សកល។ បច្ចុប្បន្ន ប្រជាជនយើងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗ ជាយុវជនជំនាន់ក្រោយ។
សម្តេចតេជោបន្តទៀតថា សន្តិភាព ដែលសម្រេចបានយ៉ាងលំបាកបំផុត ដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេង នៃការស្តារ កសាង និងអភិវឌ្ឍ​សង្គមជាតិ បានបញ្ជាក់ច្បាស់ នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើ បាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគា្នដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ។ និយាយរួមមករាល់សមិទ្ធផល ដែលគណបក្សបានសម្រេចជូនជាតិ ក្នុងរយៈពេល ៤៣ឆ្នាំ មកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹម ត្រូវខាងនយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀប របបធ្វើការងារត្រឹមត្រូវ។
សម្តេចតេជោ បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ដែលមានគណបក្សនយោបាយចំនួន ១៧ ចូលរួម បានប្រព្រឹត្តទៅ ដោយជោគជ័យក្នុងបរិយាកាសនយោបាយ អព្យាក្រឹត សេរី និងសុខសុវត្ថិភាព​។ ប្រជាពលរដ្ឋដ៏ច្រើនកុះករ បានទៅបោះឆ្នោតតាមការិយាល័យនីមួយៗ ប្រកបដោយភាពថ្លៃថ្នូរ សប្បាយ រីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបន្តដឹកនាំក្នុងមូលដ្ឋានរបស់ខ្លួន។ ជ័យជម្នះដ៏ត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើស​រើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ កាន់តែបានបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ មូលដ្ឋាន ឃុំ ភូមិ សង្កាត់។ តាមរយៈជ័យជម្នះនេះ នឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមាន មូលដ្ឋាន​​កាន់តែរឹងមាំ សម្រាប់ឈានទៅដណ្ដើមជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ ហើយបានធ្វើឱ្យបរាជ័យនូវឧបាយកល និងសកម្មភាពប្រទូសរ៉ាយទាំងឡាយរបស់ពួកប្រឆាំងជ្រុលនិយមនិងពួកអគតិដែលដើរផ្ទុយពីឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន។
សម្តេចតេជោ សូមសម្ដែងការគោរព និងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតជូនសមាជិក សមាជិកាគណបក្ស យុវជន យុវនារី បងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានជំនឿមុតមាំលើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើន​លើសលប់​។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការផ្ទុះឡើងជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល ដោយពុំមានប្រទេសណាមួយអាចគេចផុតបានឡើយ ក្នុងនោះ ព្រះរាជាណាចក្រកម្ពុជាយើង ក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។ ប៉ុន្តែដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ មានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពី​សហគមន៍អន្តរជាតិ យើងអាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ។ យើងមានជំនឿយ៉ាងមុតមាំថា យើងនឹងអាច ជម្នះនូវផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ទោះបីជំងឺ នេះមិនទាន់រលាយសាបសូន្យពីផែនដីនេះក៏ដោយ។
ជាក់ស្ដែង កំណើនសេដ្ឋកិច្ចកម្ពុជា បាន វិលមកកាន់កំណើនវិជ្ជមានវិញ ហើយរំពឹងថានឹងកាន់តែមានភាពប្រសើរឡើងថែមទៀតនៅ ឆ្នាំ ២០២២ នេះ និងឆ្នាំ ២០២៣ ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបន្តយកឈ្នះលើការរាតត្បាតនៃជំងឺ កូវីដ-១៩ សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់បន្តការពារខ្លួនតាមវិធានការសុវត្ថិភាព ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសសូមអញ្ជើញទៅចាក់ វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ឱ្យបានគ្រប់ៗគ្នា។
សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានរួមវិភាគទាន យ៉ាងថ្លៃថ្លាជួយឧបត្ថម្ភគាំទ្រ ចំពោះបុព្វហេតុដ៏ត្រឹមត្រូវ របស់ប្រជាជនកម្ពុជា និងកំពុងបន្ត ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អប្រកប​ដោយ​ផ្លែផ្កាជាមួយព្រះរាជាណាចក្រកម្ពុជា ដែល ជាការរួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ នៅកម្ពុជា។
មុននឹងបញ្ចប់ ជាមួយនឹងអំណរសាទរខួបទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ សូមថ្វាយព្រះពរ ប្រគេនពរ សម្តេចព្រះសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមប្រសិទ្ធពរជូនសម្តេច ឯកឧត្តម លោកជំទាវ គណៈ ដឹកនាំសាសនិកឥស្លាម និងគ្រឹស្តសាសនិក ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីខ្ទីង និងបងប្អូនជនរួមជាតិទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស សូមបានប្រកបនូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបី ឃ្លៀងឃ្លាតឡើយ៕
អត្ថបទដែលជាប់ទាក់ទង