​ពលរដ្ឋ​ខេត្តព្រះសីហនុ ដែលមានផ្ទះ​ទុក​ជួល​ឲ្យ​ចិន ចាប់ផ្តើមមានទឹកមាត់លេបឡើងវិញ ជាបណ្តើរៗ​ហើយ.. ​

ខេត្តព្រះសីហនុ ៖  ក្រុមអាជីវករ ក៏ដូចជាប្រជាពលរដ្ឋមួយចំនួន រស់នៅខេត្តព្រះសីហនុ ​ដែលមានអចលនៈទ្រព្យ ដូចជា ៖ ដី ផ្ទះ ខុនដូ វីឡា និងបន្ទប់ជួលជាដើម ទុក​សម្រាប់ជួល ឲ្យអ្នកវិនិយោគទុនចិន ពេលនេះ ពួកគេហាក់មានទឹកមាត់លេបឡើងវិញជាបណ្តើរៗ​ហើយ ក្រោយពេលឃើញវត្តមានជនជាតិចិន ឬអ្នកវិនិយោគ​ទុន​ចិន បានបង្ហាញវត្តមានច្រើនហូរហែរ នៅក្នុងមូលដ្ឋានខេត្តជាប់ឆ្នេរសមុទ្រ ដ៏ស៊ីវិល័យមួយនេះ។

ប្រជាពលរដ្ឋ មួយចំនួន​ឲ្យ «កម្ពុជាថ្ងៃនេះ» ដឹងថា ផ្ទះ របស់ពួកគាត់ ដែលចាក់សោរទុកចោលពីរបីឆ្នាំកន្លងមកនេះ បច្ចុប្បន្ន បានចាប់ផ្តើមមានជនជាតិចិនមកជួលសម្រាប់ការស្នាក់នៅ និងបើកប្រកបអាជីវកម្មផ្សេងៗ ជាបណ្តើរៗវិញហើយ បើទោះបី​ តម្លៃនៃការ​ជួលផ្ទះទាំងនោះ មិនទទួលបានតម្លៃខ្ពស់ ដូចពេលមុន​បែបណាក្តី​។ លោកថា យ៉ាងណា ក៏ប្រើសើរជាង គ្មានអ្នកជួល ហើយទុកផ្ទះចោល ដោយគ្មានប្រាក់ចំណូលនោះដែរ។

ប្រជាពលរដ្ឋ ឬម្ចាស់អចលនៈទ្រព្យទាំងនោះ បានអះអាងថា បច្ចុប្បន្ននេះ ពួកគាត់ អាចរកប្រាក់ចំណូល សម្រាប់ចិញ្ចឹមគ្រួសារ ជាពិសេស​អាចសន្សំលុយ ដើម្បីបង្គ្រប់ថ្លៃបង់សងបំណុលធនាគារ ជាប្រចាំខែ បានប្រសើរឡើងវិញជាបណ្តើរៗហើយដែរ ដោយមិនសូវឈឺក្បាលពេលចុងខែចូលមកដល់ម្តងៗ..៕

អត្ថបទដែលជាប់ទាក់ទង