អភិបាលខេត្តព្រះសីហនុ បំពាក់ព្រះនេត្រ រូបសំណាកព្រះស្កន្ទ គង់លើក្ងោក

ខេត្តព្រះសីហនុ ៖ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក យស់ ឆោមណារ៉ាឌី និងអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឡើងបំពាក់ព្រះនេត្រ លើរូបសំណាកព្រះស្កន្ទ គង់លើក្ងោក។

ពិធីនេះ បានធ្វើឡើងនៅព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចប្រសព្វវិថី ២ធ្នូ និងវិថីសម្តេចតេជោ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នាឱកាសនោះ លោក យស់ ឆោមណារ៉ាឌី មានប្រសាសន៍ថា រូបសំណាកព្រះស្កន្ទ គង់លើក្ងោកនេះ មានទម្ងន់ ១៥តោន កម្ពស់ប្រមាណ ១៤ម៉ែត្រ ក្នុងនោះរូបសំណាកប្រមាណ ៧ម៉ែត្រ និងបាល្ល័ង្គកម្ពស់ជិត ៧ម៉ែត្រ ត្រូវបានសាងសង់ឡើងពីស្ពាន់ ដោយព្រះនេត្រធ្វើពីត្បូងនិល ព្រះហស្ថខាងស្តាំកាន់ត្រីសូ ព្រះហស្ថខាងឆ្វេងកាន់ឈូក។ ហើយរូបសំណាកនេះ ត្រូវបានរចនា​ និងសាងសង់ ដោយ​កូនខ្មែរផ្ទាល់។

លោក គួច ចំរើន បានបញ្ជាក់បន្ថែមថា រូបសំណាកព្រះស្កន្ទ គង់លើក្ងោកនេះ គឺជារូបសំណាកទី៤ បន្ទាប់ពីរូបសំណាកធំៗ ចំនួន ៣ផ្សេងទៀត ដែលត្រូវបានកសាងលើទឹកដី នៃខេត្តព្រះសីហនុ ដែលអាចជាភាពទាក់ទាញភ្ញៀវទេសចរជាតិ- អន្តរជាតិ និងប្រជាពលរដ្ឋមកលេងកម្សាន្ត និងថតផ្តិតយករូបភាព បានថែមទៀតផង៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង