ឧកញ៉ា ទៀ វិចិត្រ អំពាវនាវអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវប្រយ័ត្នពីសុវត្ថិភាព
ខេត្តព្រះសីហនុ ៖ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ គឺលោកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ បានអំពាវនាវជាថ្មីទៀត ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាប្រជានេសាទ ត្រូវប្រុងប្រយ័ត្នអំពីសុវត្ថិភាព ពេលធ្វើដំណើរតាមសមុទ្រ ព្រោះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅលើលម្ហសមុទ្រចាប់ពីថ្ងៃទី២៩ ខែមិថុនា រហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ មានខ្យលបោកបក់ខ្លាំង និងរលកសមុទ្រធំៗ ដែលអាចបណ្តាលឲ្យកើតមានគ្រោះថ្នាក់ផ្សេងៗ ពេលធ្វើដំណើរនៅលើលម្ហសមុទ្រ។
លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា ផងនោះ មានប្រសាសន៍ថា ជាក់ស្តែង មានបុរសអ្នកនេសាទ ០២នាក់ ត្រូវបានបុគ្គលក្រុមហ៊ុន របស់លោក ជួយសង្គ្រោះឲ្យរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីទូកនេសាទ របស់ពួកគេ ០១គ្រឿង បានជាប់គឿងនឹងច្រាំងថ្ម នៅកោះថាស ដោយសារខ្យល់បោកបក់ និងរលកសមុទ្រធំៗ កាលពីព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២។ ហើយបច្ចុប្បន្ន បុរសនេសាទទាំង ០២នាក់ ត្រូវបានបុគ្គលក្រុមហ៊ុន ជី.ធី.វី.ស៊ី បញ្ជូនអូប័រល្បឿនលឿន ទៅជួសង្គ្រោះឲ្យរួចផុតពីគ្រោះថ្នាក់ និងនាំមកដល់ទីតាំងមានសុវត្ថិភាព នៅលើដីគោករួចហើយ។
លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងថា ជនរងគ្រោះទាំង ០២នាក់ មានឈ្មោះ យូ ភេទប្រុស អាយុ ៤៦ឆ្នាំ ជាម្ចាស់ទូកនេសាទ និង ឈ្មោះ គាត សេង ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរកូនដៃទូក ជនរងគ្រោះទាំង ០២នាក់ មានលំនៅដ្ឋានស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ទូកនេសាទ ០១គ្រឿង ខាងលើនេះ នៅក្នុងអំឡុងពេលកំពុងធ្វើដំណើរ នៅលើលម្ហសមុទ្រ កំពុងមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង គួបផ្សំ អ្នកបើកបរទូក ងងុយគេងមួយភាំងផង ទើបបណ្តាលឲ្យទូកនេសាទនោះ បើកសំដៅឆ្ពោះទៅកាន់កោះថាស រួចក៏បុកថ្មជាប់គឿងនៅលើឆ្នេរនោះ។ ដោយឡែក ចំពោះមនុស្សទាំង ០២នាក់ ដែលនៅលើទូកនេសាទនោះ ប្រសិនបើ មិនមានបុគ្គលិក ក្រុមហ៊ុន ជី.ធី.វី.ស៊ី ចេញជួយសង្គ្រោះឲ្យបានទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាក់ជាមិនខាន។
ឆ្លៀតក្នុងឳកាសនេះដែរ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានធ្វើការអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងកើតមានគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតឡើង ព្រោះថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ដោយបញ្ជាក់ថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រធំៗ ដែលទាមទារឲ្យអ្នកធ្វើដំណើរតាមសមុទ្រ ក៏ដូចជាប្រជានេសាទ ត្រូវប្រុងប្រយ័ត្នខ្ពស់ អំពីសុវត្ថិភាពផ្ទាល់ខ្លួន ៕