អ្នកបើករថយន្តតាក់ស៊ីម្នាក់ ត្រូវភ្ញៀវកាប់ប្លន់ទូរស័ព្ទ២គ្រឿង ក្នុងក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ មានជនសង្ស័យចំនួន ៣នាក់ បានកាប់ប្លន់ អ្នកបើកបររថយន្តតាក់ស៊ីម្នាក់ នៅចំណុចក្បែរតារាងបាល់ជេក ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឱ្យរងរបួស។
សមត្ថកិច្ច បន្តថា ជនរងគ្រោះឈ្មោះ ឆៀ សុភ័ណ្ឌ ភេទប្រុស អាយុ ៤២ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង មុខរបរជាអ្នកបើកបររថយន្តតាក់ស៊ី។ ហើយ ជនរងគ្រោះរូបនេះបញ្ជាក់ថា រូបគាត់ ត្រូវបុរសជនជាតិខ្មែរចំនួន ០៣នាក់ បានម៉ៅរថយន្តគាត់ពីផ្សារធំថ្មី រាជធានីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ ក្នុងតម្លៃ ៧០ដុល្លារអាមេរិក។ លុះធ្វើដំណើរមកដល់ទីតាំងកើតហេតុខាងលើ ជនសង្ស័យ ក៏បានឱ្យអ្នកបើកបររថយន្តតាក់ស៉ីនោះ ឈប់មួយភ្លេត ដោយត្រូវចាំគ្នីគ្នាគេ មកទទួលយក ។ ហើយ នៅគ្រាន្លែងឈប់រថយន្តនោះ មានស្ថានផ្លូវតូច និងយប់ស្ងាត់ផង ជនសង្ស័យទាំង ០៣នាក់ ក៏បានធ្វើសកម្មភាពចាប់គ្រៀកករជនរងគ្រោះ និងយកកាំបិតកាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួស ហើយក៏បានប្លន់យកទូរស័ព្ទចំនួន ០២គ្រឿង រួចរត់គេចខ្លួនបាត់។
បច្ចុប្បន្នសមត្ថកិច្ចក្រុងព្រះសីហនុ បានឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ ហើយ០២នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕ ដោយ៖ ហ្វារីត