សមត្ថកិច្ច ចាប់ខ្លួនជនជាតិចិន៧នាក់ បើកទីតាំងផលិតគ្រឿងញៀន នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ (ក១០) សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងដឹកនាំសម្របសម្រួលពី លោក ពេញ ពិសិដ្ឋ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានស្រាវជ្រាវ និងបង្ក្រាបទីតាំងប៉ុនប៉ងផលិតដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន ០២ទីតាំង ក្នុងនោះទីតាំងទី១៖
នៅចំណុចឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងទីតាំងទី២៖ នៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានបន្តថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន ០៧នាក់ រួមមាន៖ ឈ្មោះ ZEN MING JIAN មានអាយុ ៤១ឆ្នាំ។ ឈ្មោះ LING YAN HONG មានអាយុ ៤០ឆ្នាំ។ ឈ្មោះ CHAI YU ZHONG មានអាយុ ៣៥ឆ្នាំ។ ឈ្មោះ CHEN WEI YAO មានអាយុ ៣៨ឆ្នាំ។ ឈ្មោះ CHEN DE YAN មានអាយុ ៤២ឆ្នាំ។ ឈ្មោះ LI CHONG HUI មានអាយុ ៥១ឆ្នាំ។ ឈ្មោះ TSAI CHENG WEN មានអាយុ ៥២ឆ្នាំ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ សារធាតុគីមី និងគីមីផ្សំចំនួន ១៤តោន និង ១៦០គីឡូក្រាម ព្រមទាំងឧបករណ៍ សម្ភារកែច្នៃផលិតដូចជា៖ ឆ្នាំងប្រតិកម្មចំនួន ៥០គ្រឿង, កែវប្រតិកម្មចំនួន ០៧គ្រឿង, ម៉ាស៊ីនភ្លើងចំនួន ០៣គ្រឿង, ជើងទម្រធុងប្រតិកម្មចំនួន ៥៩គ្រឿង, កញ្រ្ចែងមួយចំនួន, ម៉ាស៊ីនប្រតិកម្មចំនួន ០៥គ្រឿង, ធុងមួយចំនួន, ជីឡៅចំនួន ១០ជីឡៅ, ម៉ូទ័រក្រឡុកចំនួន ០១គ្រឿង និងសំបកធុងចំនួន ២៩៨សំបក។

សមត្ថកិច្ច បានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ អនុវត្តតាមបទបញ្ជា របស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង