នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងអន្ដរាគមន៍ពិសេស និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលជើងគោ បានឃាត់ រថយន្ត ០១គ្រឿង ម៉ាក Camry 07 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2Q-7740 និងឃាត់ជនសង្ស័យចំនួន ០២នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៧៦-១៧៧ ស្ថិតក្នុងភូមិចំការកៅស៊ូរ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។
មន្ត្រីនគរបាលស្រុកព្រៃនប់ បានបន្តថា ជនសង្ស័យចំនួន ០២នាក់រួមមាន៖ ឈ្មោះ ទុន កាន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង និងឈ្មោះ សៀវ អុីញ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
កម្លាំងនគរបាលស្រុកព្រៃនប់ បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៣កញ្ចប់, ទូរសព្ទ័ចំនួន ០២គ្រឿង, រថយន្តចំនួន ០១គ្រឿង ម៉ាកCamry 07 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2Q-7740។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កំពុងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត