អភិបាលក្រុងព្រះសីហនុ ចូលរួមទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២២

ខេត្តព្រះសីហនុ៖ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ “ថែទាំភពផែនដីដើម្បីសុខភាពរបស់យើង” នៅឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងពិធីនោះ លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានឱ្យដឹងថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រូវបានបង្កើតដោយ អនុក្រឹត្យ លេខ១៥អនក្រ.បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ ក្នុងគោលបំណងចលនាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត សាធារណៈជនទាំងអស់ ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អស្អាត ភាពស្រស់បំព្រង និងការរស់
នៅប្រកបដោយចីរភាព។

ជាមួយគ្នានោះ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ថា ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅថ្ងៃនេះ សំដៅបង្កើនការយល់ដឹងដល់សាធារណៈជន អំពីបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍ ឱ្យក្លាយជាភ្នាក់ងារដ៏សកម្ម ប្រកបដោយចីរភាព និងអភិវឌ្ឍន៍មេត្រីបរិស្ថាន ជំរុញឱ្យប្រជាពលរដ្ឋ សំអាតបរិវេណក្បែរលំនៅឋាន របស់ពួកគាត់ ដែលជាការចាប់ផ្ដើមយុទ្ធនាការ ធ្វើអោយភពផែនដីស្អាត បរិយាកាសល្អ មានពណ៌បៃតងជាងមុន៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង