កសិករប្រតិកម្ម លើក្រុមជញ្ជីងចល័ត ដែលចុះទៅឈរជើងក្បែរព្រំដែន ចំពរដូវប្រមូលផលពោត

ខេត្តបាត់ដំបង ៖ មានប្រជាពលរដ្ឋជាច្រើននាក់ ដែលជាកសិករដាំដំណាំពោត បានលើកគ្នាទៅតវ៉ាត្រង់ចំណុចគោលដៅឈរជើង របស់ក្រុមជញ្ជីងចល័ត ដើម្បីអោយសម្របសម្រួល និងយោគយល់ដល់ប្រជាកសិករដែលកំពុងប្រមូលផលពោតចេញពីចម្ការ ។

ការប្រមូលផ្តុំគ្នានៅទីតាំងជញ្ជីងចល័តនេះ គឺធ្វើឡើង កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥៩ ខណ:រថយន្តថៃកំពុង សម្រុកដឹកពោតចូលប្រទេសថៃដោយប្រើប្រាស់លើខ្នងផ្លូវលេខ៥៩ កម្ពុជា ហើយការដឹកជញ្ជូនកសិផលខែនេះ គឺរថយន្តថៃ ដឹកលើសទម្ងន់សឹងគ្រប់រថយន្ត។

ក្នុងការចុះអនវត្ត របស់មន្ត្រីជំនាញជញ្ជីងចល័តខាងលើ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាម្ចាស់សៃឡូដែលទទួលទិញពោតស្តុប ដើម្បីលក់បន្តឲ្យខាងថៃ ធ្វើឲ្យមានការកកស្ទះរថយន្តថៃជាច្រើនគ្រឿង  ដោយខាងជំនាញជញ្ជីងចល័តតម្រូវចាប់យករថយន្តថៃណាដឹកលើសទម្ងន់យកទៅពិន័យ នៅខេត្តបាត់ដំបង។

តែដោយឡែក សម្រាប់ប្រជាពលរដ្ឋ ឬម្ចាស់សាយឡូ ក៏មានការសម្រួល និងស្នើសុំឲ្យមន្ត្រីអនុវត្តច្បាប់ធ្វើការពិន័យនៅនឹងកន្លែងបានហើយ ព្រោះបើមិនដូច្នេះទេ ខាងភាគីថៃគេនិងមិនចូលមកទិញដំណាំកសិកម្មពោត ដំឡូង សណ្តែកនៅតាមព្រំដែនកម្ពុជាបន្តទៀតឡើយ។

ជុំវិញបញ្ហា ដ៏ចម្រូងចម្រាស់នេះ ក្រុមអ្នកសារព័ត៌មាន ក៏បានព្យាយាមទាក់ទងទៅមន្ត្រីជំនាញដែរ ដើម្បីចង់ដឹងពីគោលជំហរ និងការរឹតបន្តឹងច្បាប់ ប៉ុន្តែមិនអាចទាក់ទងមិនបានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង