ឈ្មួញថៃលួច​ដឹក​ប្រេងឥន្ធនៈ​រត់ពន្ធ​ ចូលមកលក់តាមខេត្តជាប់ព្រំដែន កម្ពុជា

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីនគរបាលការពារ​ព្រំដែន​គោក​លេខ​៧០៨ ថ្មពួក ប្រចាំការនៅ​ភូមិ​ដងរែក និង​ភូមិ​ប្រាសាទ​ត្បែង​ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក បានឲ្យដឹងកាលពីថ្ងៃទី០​៧ ខែកក្កដា ឆ្នាំ​២០២២​ ថា កម្លាំងសមត្ថកិច្ច​ថៃ បានចាប់​ពលរដ្ឋ​ របស់ខ្លួន ដែល​លួច​ដឹក​ប្រេងឥន្ធនៈ​រត់ពន្ធ ទ្រង់ទ្រាយ​តូច ពី​ថៃ ឆ្លងដែនចូលមក ប្រទេស​កម្ពុជា ខណៈតម្លៃប្រេងឥន្ធនៈ ​នៅកម្ពុជា ថ្លៃ​ជាងនៅប្រទេសថៃ។​

កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២២ ក្នុង​តំបន់​ស្រ​ង៉ែ ឃុំ​ទ័ព​ស្តេច ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ កងកម្លាំង​ទាហាន​ថៃ ចាប់បាន​ជនសង្ស័យ ជា​ពលរដ្ឋ​របស់ខ្លួនចំនួន បីនាក់ ដែល​បាន​បើក​គោយន្ត​កន្ត្រៃដឹក​កសិផល​។

កងកម្លាំង​ថៃ ឆែកឆេរក្នុង​គោយន្ត ឃើញ​ប៊ីដុង ពណ៌​ខៀវចំនួន ៦៥ គឺ​ក្នុងនោះ ប្រេងម៉ាស៊ូត ចំនួន ៣០លីត្រ ក្នុង​មួយ​ប៊ីដុង សរុប​ចំនួន ១.៩៥០ លីត្រ ។​

​តាម​ការសាកសួរ អ្នក​ដឹកជញ្ជូនប្រេងទាំងបី បានប្រាប់សមត្ថកិច្ចថៃថា ពួកគេ​ត្រូវបានឈ្មួញថៃ​ ជួល​ឱ្យ​ដឹកជញ្ជូន​ប្រេង​នេះ ទៅឱ្យ​ឈ្មួញ​ជនជាតិខ្មែរ នៅ​ភូមិ​ក្នុង​ឃុំ​បន្ទាយឆ្មារ និង​ភូមិ​ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត បន្ទាយមានជ័យ។ ហើយ​ការជួញដូរ​ប្រេងឥន្ធនៈនេះ មកពី​តម្លៃ​ប្រេង នៅ​ខាង​ប្រទេស​ថៃ ថោក​ជាង នៅ​ប្រទេស​កម្ពុជា ។​

ប្រភពបន្តថា ​កងកម្លាំង​មាន​សមត្ថកិច្ច​ថៃ បាន​ឃាត់ខ្លួន​មនុស្ស និង​វត្ថុតាង​ទាំងនោះ រួច​ប្រគល់ឱ្យ ការិយាល័យ​គយ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ដើម្បី​ចាត់ការ​តាមច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង