ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» នាព្រឹកថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២២ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ព្រះរាជពិធី “រុក្ខទិវា” គឺជាទិវាដាំដើមឈើ ថែរក្សា ការពារព្រៃឈើដែលតែងតែប្រារព្ធធ្វើនៅទូទាំងប្រទេស និងជារៀងរាល់ឆ្នាំ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជបន្ទូល ថ្លែងអំណរព្រះគុណ និងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះសង្ឃ គ្រប់ព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អប្រសើរជាមួយក្រសួងព្រះបរមរាជវាំង និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំពិធី រុក្ខទិវា ក្នុងខេត្តបាត់ដំបងប្រកបដោយជោគជ័យ។

ជាមួយគ្នានេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមឧទ្ទិសពិធី រុក្ខទិវា នេះស្ថិតក្នុងបេះដូងរបស់បងប្អូនជនរួមជាតិគ្រប់ៗរូប និងក្លាយជាប្រពៃណី នៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍ធនធាន ព្រៃឈើ-សត្វព្រៃដ៏មានតម្លៃរបស់យើងឱ្យបានគង់វង្សរហូតតទៅ។

ការដាំឈើ គឺជាការវិនិយោគបៃតងលើធម្មជាតិ ដែលផ្ដល់ពហុប្រយោជន៍ សម្រាប់មនុស្សជាតិយើងទាំងអស់គ្នា សត្វ និងភពផែនដី៕

អត្ថបទដែលជាប់ទាក់ទង