ឧកញ៉ា ទៀ វិចិត្រ បន្តឧបត្ថម្ភលុយ៤លានរៀល ជូនអ្នកនេសាទក្រីក្រ ត្រូវខ្យល់និងរលកសមុទ្រ បោកបំផ្លាញទូក

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ាទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាចំនួន ៤លានរៀន ជូនប្រជាពលរដ្ឋក្រីក្រ មួយគ្រួសារ មានរបរជាអ្នកនេសាទមងក្តាមមួយគ្រួសារ ដែលរងគ្រោះជួបឧប្បត្តិហេតុរលកសមុទ្របោកទូក បណ្តាលឲ្យលិចខូចខាតទូកទាំងស្រុង នៅម្តុំទំនប់កោះព្រាប កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ និងដោយមើលឃើញពីការលំបាកផ្នែកជីវភាព គ្រួសារអ្នកនេសាទរងគ្រោះ រូបលោក ក៏បានចាត់ក្រុមការងារឲ្យចុះទៅជួបគ្រួសារអ្នកនេសាទនោះភ្លាមៗ និងនាំយកថវិកាចំនួន ៤លានរៀល ទៅឧបត្ថម្ភជូនសម្រាប់បន្តអាជីវកម្មនេសាទចិញ្ចឹមគ្រួសារបន្តទៀត។

គ្រួសារអ្នកនេសាទរងគ្រោះនេះ មានប្តីឈ្មោះ បូ ចន្ថា អាយុ ៥២ឆ្នាំ ប្រពន្ធឈ្មោះ ជូ ថេង អាយុ ៤២ឆ្នាំ រស់នៅបន្ទប់ជួល ស្ថិតនៅទំនប់រលក ក្រុមទី៣១ ភូមិ៣ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

គ្រួសារអ្នកនេសាទរងគ្រោះ បានថ្លែងអំណរគុណ និងជូនពរលោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និង ជោគជ័យគ្រប់ភារ:កិច្ច។

ឆ្លៀតក្នុងឪកាសនេះដែរ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមមនុស្សធម៌អូ៣ ផងនោះ ក៏ បានធ្វើការអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយប្រសិនបើអាច សូមផ្អាកធ្វើដំណើរតាមផ្លូវទឹក វាាប ណ្តោះអាសន្ន ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ព្រោះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា បញ្ជាក់ថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង