ថ្ងៃនេះជំនន់ទឹកភ្លៀង បានហូរកាត់ផ្លូវជាតិលេខ៤ ចំណុចស្ពានស្ទឹងសំរោង ស្រុកកំពង់សីលា

ខេត្តព្រះសីហនុ ៖ អាជ្ញាធរមូលដ្ឋានស្រុកកំពង់សិលា បានឲ្យដឹងថា ជំនន់ទឹកភ្លៀង បានចាប់ផ្តើមហូរកាត់លើកំណាត់ផ្លូវជាតិលេខ៤ហើយ គឺនៅម្តុំស្ពានស្ទឹងសំរោង ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចន្លោះ គ.ម ១១៥- គ.ម ១១៦ ។

ប្រភពបន្តថា គិតត្រឹមម៉ោង ជាង ២រសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ កម្ពស់ទឹកស្ពានស្ទឹងសំរោង បានហក់ឡើងដល់ ៥,៦០ម៉ែត្រ ពោលគឺជិតដល់ចំណុចប្រកាសអាសន្នហើយ (៥,៨០ម៉ែត្រ)។

បច្ចុប្បន្ន ករណី​ជំនន់ទឹកភ្លៀងជន់លិចខាងលើនេះ ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ កំពុងចុះតាមដាន ដោយយកចិត្តទុកដាក់។ ហើយគិតត្រឹមម៉ោង​ ១១ និង៣០នាទី ថ្ងៃ​ទី​១២​ ខែកក្កដា​​ ឆ្នាំ​២០២២​ ស្ថានភាព​កំពស់ទឹក​ នៅស្ពានស្ទឹងសំរោង​ ចំណុចចន្លោះគីឡូម៉ែត្រលេខ​ 115-116​ ក្នុង​ភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ទឹក​ឡេីងមានកំពស់​ ៥.២០ម៉ែត្រ​ពីបាតស្ទឹង​ រីឯអាកាសធាតុកំពុងភ្លៀង..។

ចំពោះករណីនេះ មន្ត្រីជំនាញបញ្ជាក់ថា សភាព​ទឹកកើនឡេីងដល់កំពស់ពី​ ៥,៦០ម៉ែត្រ​ ទៅ​ ៥,៧០ម៉ែត្រ​ នឹង​ត្រូវ​ប្រកាស​អាសន្ន​។

ដោយឡែក លោក​ សៅ​ បុរីវឌ្ឍនៈ​ អភិបាលស្រុកកំពង់សីលា​ បានឲ្យដឹងថា ចំណុចមានជំនន់ទឹកភ្លៀងនោះ មានប្រជាពលរដ្ឋរស់នៅចំនួន ៤២ខ្នងផ្ទះ ក្នុងនោះរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៧ខ្នងផ្ទះ​ ប៉ុន្តែមិនមានរងគ្រោះដល់អាយុ​ជីវិតមនុស្ស ឬសត្វពាហនៈនោះទេ៕

អត្ថបទដែលជាប់ទាក់ទង