ដុំថ្មដែលធ្លាក់លើផ្លូវឡើងច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ ត្រូវបានយកចេញហើយ

ខេត្តព្រះវិហារ ៖ អភិបាលស្រុកជាំក្សាន្ត គឺ លោក វុធ តារ៉ាបានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ថា រូបលោកបានដឹកនាំកងកម្លាំងប៉ូលីសព្រំដែន យោធាព្រំដែន និងប្រជាពលរដ្ឋលក់ដូរផ្សារអានសេះ យកគ្រឿងចក្រចុះសម្អាតដុំថ្ម ដែលធ្លាក់ពីលើភ្នំ ប៉ះពាល់ដល់ផ្លូវឡើងទៅច្រកអានសេះនោះហើយ។

លោក វុធ តារ៉ា បានប្រាប់បណ្តាញផ្សព្វផ្សាយថា ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ឡើងចុះ ច្រកព្រំដែអានសេះ ក៏ដូចជាដើម្បីអបអរសាទរច្រកព្រំដែនអានសេះ ដែលនឹងបើកដំណើរឱ្យប្រជាពលរដ្ឋ នៃប្រទេសកម្ពុជា-ថៃ បានឆ្លងកាត់ឡើងវិញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។ ពេលនេះ រូបលោកបានដឹកនាំកងកម្លាំងនគរបាល យោធា ព្រំដែន លោកប្រធានច្រក និងប្រជាពលរដ្ឋផ្សារអានសេះ យកគ្រឿងចក្រទៅកាយ ឈូសសម្អាតដុំថ្មដែលធ្លាក់លើផ្លូវចេញនោះចេញអស់ហើយ។

លោកបន្តថា តាមពិតដុំថ្មដែលធ្លាក់មកពីលើភ្នំ ត្រង់ចំណុចចង្កេះភ្នំផ្លូវឡើងច្រកអានសេះនោះ អាជ្ញាធរស្រុក បានណែនាំក្រុមការងារចុះសម្អាតម្តងរួចមកហើយ គឺសម្អាតដោយដៃ ធ្វើយ៉ាងណារើសដុំថ្មតូចៗចេញ ដើម្បីឱ្យប្រជាពលរដ្ឋ បានធ្វើដំណើរជាបណ្តោះអាសន្នសិន។

លោកថា ស្របពេលដែលច្រកព្រំដែនអានសេះ នឹងបើកដំណើរការនៅប៉ុន្មានថ្ងៃខាងមុខនេះ ច្បាស់ណាស់ នឹងមានប្រជាពលរដ្ឋ រថយន្ត តូច ធំ ប្រជាពលរដ្ឋបើកឆ្លងកាត់។ ដូច្នេះទើបលោកសម្រេចដឹកនាំកងកម្លាំង និងយកគ្រឿងចក្រមកសម្អាតតែម្តងទៅ ហើយក៏ដើម្បីជាការអបអរសាទរថ្ងៃបើកច្រកព្រំដែនខាងមុខនេះដែរ។

សូមបញ្ជាក់ថា ដុំថ្ម ដែលធ្លាក់ពីលើភ្នំ ត្រង់ចង្កេះភ្នំផ្លូវឡើងទៅកាន់ច្រកព្រំដែនអានសេះខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ហើយ អាជ្ញាធរស្រុកជាំក្សាន្ត ក៏បានប្រកាសជូនដំណឹង ដល់ពលរដ្ឋឆ្លងកាត់ផ្លូវនេះ ត្រូវមានការប្រុងប្រយ័ត្នផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង