សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកជំនួយជូនពលរដ្ឋ ៤២គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកជំនួយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៤២គ្រួសារ នៅភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ពិធីនេះ បានធ្វើឡើងនៅល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដោយមានការចូលរួមពី មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋផងដែរ។

នាឱកាសនោះ លោក គួច ចំរើន បានមានប្រសាសន៍ពាំនាំ នូវការផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានេះ លោក បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះសត្វមានពិស នៅពេលទឹកកំពុងឡើង ប្រសិនបើមានបញ្ហាអ្វីកើតមានឡើង សូមបងប្អូនប្រញ៉ាប់ ទាក់ទងទៅអាជ្ញាធរ ដែលនៅប្រចាំការជិតទីតាំងបងប្អូនបំផុត។ ហើយសូមថែរក្សាសុខភាព ត្រូវប្រកាន់ខ្ជាប់នូវការរស់នៅស្អាត ផឹកស្អាត ហូបស្អាត។

ជំនួយទាំងនោះ រួមមាន៖ អង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ, ជែល ១ដប, ម៉ាស់ក្រណាត់ ១កញ្ចប់, និងថវិកាចំនួន ៥ម៉ឺនរៀល៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង