ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រនិងក្រុមការងារជួយស្វែងរក បុរសអ្នកនេសាទម្នាក់ ធ្លាក់ចូលសមុទ្រ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ បានបន្តបញ្ជូនអូប័រ និងក្រុមការងារសង្គ្រាះក្រុមហ៊ុន របស់លោកឲ្យចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ ហើយបាត់ខ្លួនក្នុងសមុទ្រ..។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កាលពីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជូនក្រុមការងារ និងអូប័រក្រុមហ៊ុន របស់លោកឧកញ៉ា សហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រ ហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រ តាមការស្នើសុំពីក្រុមគ្រួសារជនរងគ្រោះ។

ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា បុរសរងគ្រោះ គឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទ ប្រភេទម៉ង​អូស ចូលទៅក្នុងសមុទ្រ នៅចំណុចចន្លោះពយក្បាលខ្មោច (អៅតាផេង) និងកោះតាទឹម កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៧យប់ រួចក៏បាត់ខ្លួន។
ជនរងគ្រោះឈ្មោះ លី ថេង ភេទប្រុស អាយុ ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក​ មានស្រុកកំណេីតនៅភូមិសាវង្ស​ ឃុំតាចេស​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ បច្ចុប្បន្នស្នាក់នៅផែជលផល ទំនប់រលក នៅភូមិ​៣ សង្កាត់១​ ក្រុង-ខេត្តព្រះសីហនុ​ ។
សុំបញ្ជាក់ថា រហូតមកត្រឹមព្រលប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅមិនទាន់ប្រទះឃើញជនរងគ្រោះនៅឡើយ ហើយក៏មិនទាន់ដឹងពីជោគវាសនារបស់ជនរងគ្រោះ ថាយ៉ាងណានៅឡើយ។ ចំណែកការស្វះស្វែងរកជនរងគ្រោះ របស់ក្រុមសង្គ្រោះក្រុមហ៊ុន លោកឧកញ៉ា ទៀ វិចិត្រ កំពុងសហការ ជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នៅតែបន្តស្វែងរក។
ព្រមជាមួយគ្នានោះ លោកឧកញ៉ា ទៀ វិចិត្រ អំពាវនាវដល់បងប្អូនប្រជានេសាទ ក្នុងសមុទ្រផងដែរថា ក្នុងករណីប្រទះឃើញជនរងគ្រោះ នៅចំណុចណាមួយ សូមផ្តល់ព័ណ៌មានមកក្រុមសង្គ្រោះតាមទូរសព្ទ័លេខ៖ ០១២ ៩៦៤ ៨៩៣ ៕

អត្ថបទដែលជាប់ទាក់ទង