រថយន្តទំនើប Ford Ranger បើកលឿនបុករះបង្គោលថ្មលូ និងផ្ទាំងថ្ម ក្រឡាប់ផ្ងារជើង

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច បានឲ្យដឹងថា មានរថយន្តស៊េរីទំនើបម៉ាក Ford Ranger មួយគ្រឿងសង្ស័យអ្នកបើកបរ បើកលឿនពេកដល់ផ្លូវកោងបួងចង្កូតមិនទាន់ក៏បានជ្រុលទៅបុកបង្គោលថ្ម លូ និងផ្ទាំងថ្ម នៅតាមចិញ្ចើមផ្លូវបណ្ដាលឱ្យដួលរលំ និងបែកបាក់ ហើយបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតធ្ងន់ធ្ងរ។

គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ោង ១២ និង៥០នាទី យប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបុរីអង្គរ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាក Ford Rancher មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-3198 ធ្វើដំណើរពីត្បូងទៅជើង ពេលបើកមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ដោយបើកមានលឿន ហើយអ្នកបើកបរ បួងចង្កូតមិនទាន់ ក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករះបង្គោលថ្មជាច្រើនដើម បុកលូ និងផ្ទាំងថ្មនៅតាមចិញ្ចើមផ្លូវបណ្ដាលឱ្យដួល និងបែកបាក់រាយប៉ាយពេញផ្លូវ ចំណែករថយន្តក្រឡប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះតៃកុងរថយន្តបានចេញពីរថយន្តគេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង