ឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិតស្ត្រីពោះធំម្នាក់ ឈឺធ្លាក់ឈាមធ្ងន់ធ្ងរ រស់នៅលើកោះរ៉ុង រួចផុតពីស្លាប់..

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) របស់លោក ទាំងកណ្តាលអាធ្រាត្រ និងកំពុងមានព្យុះភ្លៀងខ្លាំង ឲ្យទៅទទួលយកស្រ្តីអ្នកជំងឺម្នាក់ រស់នៅលើក្រុងកោះរ៉ុង ដែលឈឺធ្លាក់ឈាមរលូតកូន ពេលកំពុងមានផ្ទៃពោះបីខែ ដើម្បីនាំមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីរងគ្រោះមានឈ្មោះ លាង​ ចាន់ណា អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីរងគ្រោះ ត្រូវបានក្រុមការងារ លោកឧញ៉ា ទៀ វិចិត្រ ដឹកតាមអូប័រពេទ្យ របស់ក្រុមហ៊ុន G.T.V.C មកកាន់កំពង់ផែក្រុងព្រះសីហនុ រួចបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកទៅកាន់មន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ ដោយសុវត្ថិភាព។

គ្រួសារស្ត្រីរងគ្រោះ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តមនុស្សធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ ដែលបញ្ជូនអូប័រពេទ្យ ទាំងយប់ទៅទទួលយកប្រពន្ធ របស់គាត់ មកសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យនាក្រុងព្រះសីហនុ ទាន់ពេល។

ប្តីស្ត្រីរងគ្រោះ ឲ្យដឹងថា ពេលនេះ ប្រពន្ធ របរបស់គាត់ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យព្យាបាល ដោយយកចិត្តទុកដាក់ ហើយស្ថានភាពជំងឺ ក៏បាន​ធូរស្បើយច្រើន​ហើយដែរ៕

អត្ថបទដែលជាប់ទាក់ទង