អ្នកដំណើរតាមផ្លូវជាតិលេខ៥ ដែលមានជំនន់ទឹកភ្លៀងលិចផ្លូវ ចន្លោះគីឡូម៉ែត្រ៣៩- ៤០ ចំណុចស្ពានក្រាំងពន្លៃ អាចជិះតាមផ្លូវវាង

ខេត្តកំពង់ឆ្នាំង ៖ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមានកងកម្លាំងនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរស្រុក ដើម្បីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៣៩ និង៤០ ដើម្បីសម្រួលចរាចរណ៍ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ទៅមក ក្នុងអំឡុងពេលទឹកកំពុងហូរកាត់។

លោក សាន់ យូ បានអោយដឹងថា ផ្លូវនៅចន្លោះគីឡូម៉ែត្រ ៣៩- ៤០ ចំណុចស្ពានក្រាំងពន្លៃ ចំណុចដែលត្រូវជំនន់ទឹកភ្លៀងហូរកាត់ផ្លូវ នៅក្នុងភូមិសាស្ត្រព្រំប្រទល់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយសារទឹកជំនន់ហូរច្រោះដាច់ដី និងស្ពានមួយកន្លែងប្រមាណជា ៣០-៤០ម៉ែត្រ ដោយរង់ចាំស្ថានភាពទឹកស្រក នឹងធ្វើការជួសជុលឡើងវិញ។

លោក សាន់ យូ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ទៀតថា ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ លោកបានស្នើសុំគម្រោងជប៉ុន ធ្វើផ្លូវវាង ដែលជាផ្លូវថ្មីទើបនឹងស្ថាបនារួច សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកតាមផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រ ៣៩- ៤០ ចំណុចស្ពានក្រាំងពន្លៃ អាចធ្វើដំណើរតាមផ្លូវវាងបានវិញហើយ។ ចំពោះផ្លូវទឹកហូរច្រោះផ្លូវ ដល់ពេលទឹកស្រក នឹងធ្វើការជួសជុលឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង