អាជ្ញាធរគ្រឿងញៀន ដុតកម្ទេចគ្រឿងញៀនជិត ៦០គីឡូក្រាម នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ អាជ្ញាធរគ្រឿងញៀន បានដុតកម្ទេចចោលគ្រឿងញៀនសរុបជិត ៦០គីឡូក្រាម ដែលជាវត្ថុតាងក្នុងបទល្មើសគ្រឿងញៀន ត្រូវបានសមត្ថកិច្ច ដកហូតកន្លងមក ហើយនេះ ជាការដុតកម្ទេចរួមគ្នាពីខេត្តចំនួន ០៣ គឺខេត្តព្រះសីហនុ- ខេត្តកំពត និងខេត្តកំពង់ស្ពឺ។ ហើយថា ការដុតកម្ទេចនេះធ្វើឡើង ដើម្បីចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២២ (ថ្ងៃ២៦មិថុនាឆ្នាំ២០២២)។

ពិធីខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅជិតអូរត្រាវ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងផ្នែកពាក់ព័ន្ធជាច្រើនទៀត។

លោកឧត្តមសេនីយ៍ មាស វិរិទ្ធ  បានកោតសរសើរដល់ កម្លាំងសមត្ថកិច្ចគ្រប់ផ្នែក ក៏ដូចជាស្ថាបន័ច្បាប់ ដែលរួមគ្នាបង្ក្រាបបទល្មើសគ្រឿងញៀន ហើយជនល្មើសពាក់ព័ន្ធ ក៏ត្រូវបាននាំយកទៅផ្តន្ទាទោស។

បន្ថែមលើនេះ លោក ក៏បានអំពាវនាវឲ្យពលរដ្ឋ និងគ្រប់សហគមន៍ចូលរួម ទប់ស្កាត់ បញ្ហាគ្រឿងញៀន ដើម្បីសង្គមជាតិយើងទាំងមូល។

នាឱកាសនោះដែរ លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា វត្ថុតាងគ្រឿងញៀនទាំងអស់ ដែលនាំយកមកដុតកម្ទេចចោល នៅថ្ងៃនេះរួមមាន៖ បទល្មើសចាប់បាន នៅខេត្តព្រះសីហនុ មានជាង ២០ គីឡូក្រាម- ខេត្តកំពង់ស្ពឺ ជាង ៣១ គីឡូក្រាម និងខេត្តកំពត ជាង ០៥ គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង