អភិបាលខេត្តកែប បំផុសចលនាដល់គ្រប់សហគមន៍ ឲ្យដាំដើមឈើជាប្រចាំគ្រប់ទីកន្លែង

ខេត្តកែប ៖  អភិបាលខេត្តកែប បំផុសចលនាឲ្យដាំដើមឈើជាប្រចាំគ្រប់ទីកន្លែង ទាំងនៅតាមវត្តអារាម តាមសាលារៀននិងតាមភូមិដ្ឋានប្រជាពលរដ្ឋ ដោយពុំគិតថា ការដាំដើមឈើធ្វើឡើងតែក្នុងបុណ្យរុក្ខទិវានោះទេ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបំផុសចលនាដល់គ្រប់សហគមន៍ ឲ្យដាំដើមឈើជាប្រចាំគ្រប់ទីកន្លែង ទាំងនៅតាមវត្តអារាម តាមសាលារៀន និងតាមភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងនោះឯកឧត្តមអភិបាលខេត្តកែប ក៏បានកោតសរសើរ ចំពោះចលនាដាំដើមឈើ នៅតាមសហគមន៌នានា ក្នុងខេត្តកែបកន្លងមកផងដែរ។


លោកមានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសប្រារព្ធពិធី រុក្ខទិវា ៩កក្កដា ឆ្នាំ២០២២ ដែលមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកែប សហការជាមួយរដ្ឋបាលស្រុកដំណាក់ចង្អើរ រៀបចំឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ​ ដោយមានការដាំដើមឈើសងខាង តាមបណ្ដោយ​ ផ្លូវអំពេងសន្តិភាព ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ​ មានប្រភេទឈើកម្រ និងឈើជិតផុតពូជ សរុបចំនួន ១,២០០ដើម (មាន ក្រញូង គគីរ ឈើទាល បេង នាងនួន ធ្នង់ ក្ងោក និងស្ងាវ) ព្រមទាំងបានយកពូជដូង និងខ្នុរការ៉ុត សរុប ១០០ដើម សម្រាប់ប្រគេនតាមបណ្ដាវត្ត និងចែកជូនបងប្អូនប្រជាពលរដ្ឋ យកទៅដាំផងដែរ។
ក្នុងឱកាស​នេះ​ លោក អភិបាលខេត្ត​ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាខណ្ឌរដ្ឋបាលព្រៃឈើត្រូវសហការ​ ជាមួយ​ រដ្ឋបាលក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យតាមដានឡើងវិញ នៅការកាប់ទន្រ្ទានដីព្រៃឈេី​ ព្រៃលិចទឹក​ ដីព្រៃសហគមន៍ ដែលជាដីព្រៃរបស់រដ្ឋ​ ដោយត្រូវអនុវត្តវិធានការច្បាប់​ ចំពោះអ្នកប្រព្រឹត្តបទល្មើស៕

អត្ថបទដែលជាប់ទាក់ទង