ACU រកឃើញលុយពុករលួយជាង ៨៥ម៉ឺនដុល្លា ពាក់ព័ន្ធការចូលក្របខ័ណ្ឌ មន្ទីរសុខាភិបាលខេត្តក្រចេះ

ខេត្តក្រចេះ ៖ អង្គភាពប្រឆាំងអំពើពុករលួយ ឬហៅកាត់ថា អេ.ស៊ី.យូ (ACU) បានប្រកាសថា រកឃើញប្រាក់ពុករលួយជាង ៨៥ម៉ឺន ៤ពាន់ដុល្លារអាមេរិក ពាក់ព័ន្ធនឹងការទទួលប្រាក់ពីបេក្ខជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្របខ័ណ្ឌមន្ទីរសុខាភិបាល នៅខេត្តក្រចេះ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី១៤ អាណត្តិទី៣ របស់ ACU ក្រោមអធិបតីភាព លោកប្រធាន តុប សំ និងលោកស្រីកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ព្រមទាំងសមាជិក សមាជិកា ៧រូបទៀត កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា  ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា អង្គភាព ACU  បានរកឃើញជនល្មើសចំនួន ០២នាក់ បានទារប្រាក់ពីបេក្ខជនដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ នៅក្នុងក្របខណ្ឌមន្ទីរសុខាភិបាល នៅខេត្តក្រចេះ ដែលជន ល្មើសទី១ មានឈ្មោះ ទី ប៊ុនឡេង អតីតជាប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាលខេត្តក្រចេះ និងទី២ មានឈ្មោះ ជាង សុខអេង ជាអតីតអនុប្រធានការិយាល័យរដ្ឋបាន នៃមន្ទីរសុខាភិបាលខេត្តក្រចេះ ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ តាមច្បាប់។

ACU បញ្ជាក់ថា ជនជាប់ចោទទាំង ០២នាក់ខាងលើ បានប្រមូលប្រាក់ពីជនរងគ្រោះចំនួន ១២៩នាក់ សរុប ៨៥ម៉ឺន​ ៤ពាន់ ៦៤​ដុល្លារអាមេរិក និង ៧លាន ៧៣ម៉ឺន ៩០០រៀល។

លោក ឱម យ៉ិនទៀង ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា កាលពីថ្ងៃទី១៦ ដល់ទី១៨ ខែសីហា  ឆ្នាំ២០២១ អង្គភាព ACU បានរកឃើញប្រាក់ដុល្លារ ៥៦ម៉ឺនដុល្លារ និងប្រាក់រៀល ៣៨ ម៉ឺន ៤ពាន់រៀល ពោលគឺក្រោយពេល ACU បានឃាត់ខ្លួនជនជាប់ចោទ​កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១ បញ្ជូនទៅតុលាការ រកឃើញប្រាក់ ៥៧ម៉ឺន  ៤ពាន់ ៨៦៤ដុល្លារ និងប្រាក់រៀល។ ក្នុងនោះដែរ កាលពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា  ឆ្នាំ២០២១ អង្គភាព ACU បានប្រគល់ប្រាក់ដល់ជនរងគ្រោះចំនួន ៧១នាក់ សរុបទឹកប្រាក់ចំនួន ៤៩ម៉ឺន ៦ពាន់ ៧០០ដុល្លារ ហើយចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានរកឃើញប្រាក់ចំនួន ៧៧ម៉ឺន ១ពាន់ ៨៦៤ដុល្លារទៀត។

លោក ឱម យ៉ិនទៀង បញ្ជាក់ទៀតថា ចុងក្រោយ ACU បានស្រាវជ្រាវចាប់ពីថ្ងៃទី០៥ ខែមីនា  ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ រកឃើញប្រាក់ចំនួន ៨៥ម៉ឺន ៤ពាន់ ៦៤ដុល្លារអាមេរិក និងប្រាក់រៀលចំនួន ៧លាន ៧៣ ម៉ឺន៩០០រៀល ហើយកាលពីថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២២ ក៏បានប្រគល់ប្រាក់សំណងជូនដល់បេក្ខជនរងគ្រោះចំនួន ៤១នាក់ទៀត សរុប ២៧ម៉ឺន ៤ពាន់ ២០០ដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង