សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនលោក សឹង ប៊ុនណា អ្នកជំនួញអចលនទ្រព្យល្បីឈ្មោះ ព្រោះប្រើអាវុធបាញ់រះ ផ្អើលរាត្រីក្រុងអង្គរ

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះ កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តសៀមរាប បានឃាត់ខ្លួនអ្នកជំនួញអចលនទ្រព្យដ៏ល្បីម្នាក់ ឈ្មោះ សឹង ប៊ុនណា ក្រោយពេល អ្នកជំនួញរូបនេះ ប្រើអាវុធបាញ់បោះសេរី កាលពីរាត្រីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

សមត្ថកិច្ច បញ្ជាក់ថា នៅម៉ោងជាង១០ យប់ថ្ងៃទី៣០ ខែកក្កដានៅភូមិគ្រឹះ ៩/១១ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានករណីបាញ់បោះបង្ក ដោយជនសង្ស័យឈ្មោះ សុឹង ប៊ុនណា អាយុ ៤៧ឆ្នាំ ដែលគេស្គាល់ថា ជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះមួយរូប មានលំនៅឋាន ក្នុងភូមិកើតហេតុខាងលើ។

សមត្ថកិច្ច បានបន្តថា ជនបង្កបានប្រើអាវុធខ្លី បាញ់ឡើងលើចំនួន ០៤គ្រាប់។ បន្ទាប់ពីបាញ់រួច ជនសង្ស័យក៏បានដើរចូលទៅក្នុងបន្ទប់ដេកធ្វើព្រងើយ ហើយ កម្លាំងសមត្ថកិច្ច បានហ៊ុមព័ទ្ធនៅផ្នែកខាងក្រៅ រហូតដល់ម៉ោង ៧ និង១០ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទើប កម្លាំងចម្រុះចម្រុះ រួមមានកងរាជអាវុធហត្ថ និងមន្ត្រីនគរបាល ដឹកនាំដោយ លោកព្រះរាជអាជ្ញារង ផេង សំណាង នាំកម្លាំងចូលនាំខ្លួនឈ្មោះ សុឹង ប៊ុនណា ជាមួយវត្ថុតាងអាវុធ K៥៩ មួយដើម បង់ចំនួន ០២ និងគ្រាប់ ០៦គ្រាប់ យកទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ដើម្បីបន្តនីតិវិធី។

ប្រភព ឲ្យដឹងថា មូលហេតុ ឈានដល់ជនសង្ស័យ បើកការបាញ់បោះខាងលើនេះ ដោយសារមានជម្លោះជាមួយភរិយា របស់ខ្លួន។

បច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាល ខេត្តសៀមរាប កំពុងសាកសួរជនសង្ស័យ ដើម្បីឈានដល់កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ បន្តចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង