តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួន លោក ស៊ឹង ប៊ុណ្ណា ដាក់ពន្ធនាគារ ករណីប្រើប្រាស់អាវុធខុសច្បាប់

ខេត្តសៀមរាប ៖ ក្រោយបញ្ចប់ការសាកសួរជនសង្ស័យ ឈ្មោះ ស៊ឹង ប៊ុណ្ណា ចប់តាមនីតិវិធីច្បាប់រួចមក សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួន លោក ស៊ឹង ប៊ុណ្ណា អ្នកជំនួញអចលនទ្រព្យល្បីឈ្មោះ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ ចោទពីបទប្រើប្រាស់អាវុធខុសច្បាប់។

លោក ស៊ឹង ប៊ុណ្ណា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល  នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងកងរាជអាវុធហត្ថខេត្តនេះ ដឹកនាំបញ្ជាផ្ទាល់ពី លោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ឃាត់ខ្លួន កាលពីព្រឹកថ្ងៃអាទិត្យនេះ។

លោក ស៊ឹង ប៊ុណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ កើតនៅភូមិភក់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចប្បន្នស្នាក់នៅក្រុមទី០៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពបញ្ជាក់ថា ក្នុងពេលឃាត់ខ្លួន លោក ស៊ឹង ប៊ុណ្ណា នៅលំនៅឋាន របស់លោក សមត្ថកិច្ច បានឆែករកឃើញអាវុធខ្លី ០១ដើម ម៉ាក K59 បង់ចំនួន ០២ (បង់មួយមានចំនួន ០៦គ្រាប់ និងបង់មួយទៀតគ្មានគ្រាប់) គ្រាប់មិនទាន់ប្រើចំនួន ០៧គ្រាប់ និងសំបកគ្រាប់ ដែលបាញ់រួចចំនួន ០៣គ្រាប់។

ប្រភពដដែល បញ្ចាក់ថា ជនសង្ស័យឈ្មោះ ស៊ឹង ប៊ុណ្ណា បានឆ្លើយសារភាពថា រូបគាត់ពិតជាបានបាញ់ចំនួន ០៤គ្រាប់ពិតប្រាកដមែន ដោយមូលហេតុខឹងនឹងប្រពន្ធ របស់គាត់ ត្រឡប់មកផ្ទះវិញយឺត។

ចំណែក ស្ត្រីឈ្មោះ ប៊ុន សុគន្ធតា ត្រូវជាប្រពន្ធជនសង្ស័យ ក៏បានបំភ្លឺប្រាប់សមត្ថកិច្ចថា មានករណីផ្ទុះអាវុធចំនួន ០៤គ្រាប់ ពិតប្រាកដមែន បង្កឡើងដោយប្ដី របស់គាត់ឈ្មោះ ស៊ឹង ប៊ុណ្ណា ជាអ្នកបាញ់ ដោយមូលហេតុខឹង រូបគាត់ត្រឡប់មកផ្ទះយប់ជ្រៅពេក។

ហេតុការណ៍ ផ្ទុះអាវុធខាងលើ បានកើតឡើង នៅវេលាម៉ោង ជាង ១០យប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង