រថយន្តដឹកប្រេងក្រុមហ៊ុន SOKIMEX បុកបុរសម្នាក់ស្លាប់

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា យុវជនជានិស្សិតសាលាកូរ៉េម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តដឹកប្រេង របស់ក្រុមហ៊ុន SOKIMEX ១គ្រឿង បើកបុកពីក្រោយ ខ្ទាតប៉ះខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង ៦ និង៤៥នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅតាមមហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅមុខសាលាពហុបច្ចេកទេសកម្ពុជាហៅ (សាលាកូរ៉េ) ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ នុត វុឌ្ឍី អាយុ ៣០ឆ្នាំ និស្សិតសាលាពហុបច្ចេកទេសកម្ពុជាហៅ (សាលាកូរ៉េ) មានទីលំនៅក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

បុរសរងគ្រោះជិះម៉ូតូ ១គ្រឿងម៉ាក YAMAHA ធុនធំ ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IF-6047 ធ្វើដំណើរក្នុងទិសដៅឆ្លងផ្លូវពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុ មានរថយន្តដឹកប្រេងក្រុមហ៊ុន SOKIMEX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3B-1069 បើកបរដោយបុរសពុំស្គាល់អត្តសញ្ញាណម្នាក់ ស្របទិសគ្នា បានបុកផ្ទប់ខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់មកអ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ទើបកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះទៅដល់ ហើយរាយការណ៍បន្តទៅកាន់ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

មន្ត្រីនគរបាលចរាចរណ៍ បានចុះវាស់វែងធ្វើកំណត់ហេតុ ហើយ នាំយករថយន្ត និងម៉ូតូទៅរក្សាទុក  ដើម្បីរកដំណោះស្រាយនៅពេលក្រោយ។ រីឯ សាកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕ ដោយ ៖ សត្យា

អត្ថបទដែលជាប់ទាក់ទង