ទ័ពអាកាសអាមេរិក ប្រើយន្ដហោះដ្រូន សម្លាប់មេអាល់កៃដា Zawahiri នៅអាហ្វហ្កានីស្ថាន

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២នេះថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃចន្ទថា មេដឹកនាំអាល់កៃដា ឈ្មោះ អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយ របស់កងទ័ពអាមេរិក  នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កាលពីចុងសប្ដាហ៍កន្លងទៅ។

លោក ចូ បៃដិន ចាត់ទុកការស្លាប់មេដឹកនាំ អាល់កៃដា រូបនេះ ថាជាការបាត់បង់ ដ៏ធំបំផុត របស់អាល់កៃដា ចាប់តាំងពី មេភេរវករ អូសាម៉ា ប៊ីន ឡាដិន (Osama bin Laden) ត្រូវបានសម្លាប់កាលពីឆ្នាំ២០១១មក។

លោក ចូ បៃដិន ឲ្យដឹងដូច្នេះ កើតមានឡើងក្រោយពេល ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗថា  សហរដ្ឋអាមេរិក បានដឹកនាំការវាយប្រហារតាមផ្លូវអាកាស ដោយប្រើយន្ដហោះដ្រូន លើគោលដៅនៅក្នុងរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្កានីស្ថាន នៅព្រឹកម៉ោង ៦ និង១៨នាទី ព្រឹកថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។

លោក ចូ បៃដិន បញ្ជាក់ក្នុងសុន្ទរកថាមួយ ចេញពីសេតវិមានថា “ឥលូវនេះ យុត្តិធម៌ ត្រូវបានយកមកវិញហើយ ដោយមេភេរវកររូបនេះ ក៏ត្រូវបានសម្លាប់ដែរ ហើយយើងនឹងមិនចុះចាញ់ឡើយ”។

គួរបញ្ជាក់ថា អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី ដែលធ្លាប់ជាគ្រូពេទ្យវះកាត់ ជនជាតិអេហ្ស៊ីបរូបនេះ ត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថា ជាអ្នកជួយរៀបចំផែនការ វាយប្រហារអគារពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានសម្លាប់មនុស្សជិត ៣,០០០នាក់។

សហរដ្ឋអាមេរិក បានប្រកាសផ្ដល់ប្រាក់រង្វាន់ជាង ២៥លានដុល្លារអាមេរិក សម្រាប់ក្បាល អាល់ហ្សាវ៉ាហ៊ីរី៕

អត្ថបទដែលជាប់ទាក់ទង