រដ្ឋមន្ត្រីការបរទេសអាមេរិកថា សហរដ្ឋអាមេរិក នឹងពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរ តែក្នុងកាលៈទេសៈចាំបាច់ខ្លាំងបំផុតប៉ុណ្ណោះ

វ៉ាស៊ីនតោន ៖ សារព័ត៌មាន TASS នៅថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២នេះ បានដកស្រង់សំដី រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងកិន (Antony Blinken) ដែលបានលើកកាលពីថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិក នឹងពិចារណាលើ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ តែនៅក្នុងកាលៈទេសៈ ដ៏ចាំបាច់ខ្លាំងបំផុតប៉ុណ្ណោះ។

លោក ប្លីងកិន មានប្រសាសន៍ថា “ដរាបណាអាវុធនុយក្លេអ៊ែរ នៅតែមាន តួនាទីជាមូលដ្ឋាន នៃអាវុធនុយក្លេអ៊ែរ របស់អាមេរិក គឺដើម្បីទប់ស្កាត់កុំឱ្យមានការវាយប្រហារនុយក្លេអ៊ែរ មកលើសហរដ្ឋអាមេរិក ក៏ដូចជាមកលើបណ្តាសម្ព័ន្ធមិត្ត និងដៃគូ របស់យើង។ សហរដ្ឋអាមេរិក នឹងពិចារណាលើ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ តែនៅក្នុងកាលៈទេសៈ ដែលចាំបាច់ខ្លាំងបំផុតប៉ុណ្ណោះ ដើម្បីការពារផលប្រយោជន៍សំខាន់ៗ របស់ខ្លួនផ្ទាល់ ព្រមទាំង របស់សម្ព័ន្ធមិត្តនិងដៃគូ”។

លោក ប្លីងកិន ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន នឹងមិនយកអាវុធនុយក្លេអ៊ែរ របស់ខ្លួន ទៅគំរាមកំហែងលើ ប្រទេសមិនមានអាវុធនុយក្លេអ៊ែរ ដែលបានចូលរួមក្នុងសន្ធិសញ្ញា មិនសាយភាយអាវុធនុយក្លេអ៊ែរ NPT នោះទេ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លើកឡើងដូច្នេះ  បានធ្វើឡើងក្នុងសន្និសីទលើកទី១០ ស្តីពីការត្រួតពិនិត្យលើសន្ធិសញ្ញា NPT ដែលរៀបចំឡើង នៅទីស្នាក់ការកណ្តាល របស់អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង