សិក្ខាសាលាស្តីពី កាតព្វកិច្ចគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ

ខេត្តព្រះសីហនុ ៖ លោក ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម និង លោកឧកញ៉ា វ៉ាន់ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចគណនេយ្យ និងសវនកម្ម” និង “បទប្បញ្ញត្តិពាក់ព័ន្ធ” សម្រាប់សហគ្រាស នៅខេត្តព្រះសីហនុ។

ពិធីនេះ បានធ្វើឡើងនៅព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នាឱកាសនោះ លោកឧកញ៉ា វ៉ាន់ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ មានប្រសាសន៍ថា សភាពាណិជ្ជកម្មខេត្តព្រះសីហនុ គឺជាផ្នែកមួយដ៏សំខាន់ នៃសភាពាណិជ្ជកម្មកម្ពុជា តំណាងឱ្យវិស័យឯកជននៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ក៏ដូចជានៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលរាជរដ្ឋាភិបាលកំណត់យ៉ាងច្បាស់។ ក្នុងន័យនេះ សភាពាណិជ្ជកម្មខេត្តគឺជា តំណាងវិស័យឯកជនក្នុងខេត្តព្រះសីហនុ ដែលមានតួនាទីគន្លឹះនៅក្នុងការជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងខេត្តព្រះសីហនុ ចូលរួមក្នុងការធ្វើឱ្យសម្រេចបាន នូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរការអាជីវកម្មផ្សេងៗប្រកបដោយទំនួលខុសត្រូវ និងតម្លាភាព។

លោកឧកញ៉ា បន្តថាសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ក្រេបជញ្ជក់យក
ចំណេះដឹងទាំងអស់ពីសិក្ខាសាលានាថ្ងៃនេះ ដែលជាពុទ្ធិដ៏មានតម្លៃ សម្រាប់យើងទាំងអស់គ្នាយកទៅអនុវត្ត ក្នុងមុខរបរប្រចាំថ្ងៃ។

លោកឧកញ៉ាសង្ឃឹមថា សិក្ខាកាមទាំងអស់ ដែលបានចូលរួមនៅថ្ងៃនេះ នឹងយកចំណេះដឹងអំពី «ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ» ទៅចែករម្លែកជាមួយនឹងសមាជិក សមាជិកា ពាណិជ្ជករ អាជីវករ សេវាករ ដទៃទៀត ដើម្បីពង្រឹងពង្រីកការអនុវត្តច្បាប់នៅក្នុងវិស័យឯកជន បានរឹងមាំ ទូលំទូលាយ ប្រកបដោយប្រសិទ្ធិភាព សាកសមនឹងអ្វីដែល រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ថា វិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចដ៏ពិតប្រាកដ។

ទន្ទឹមនឹងនោះ លោក ប៊ូ ថារិន មានប្រសាសន៍ថា ក្នុងនាមជានិយ័តករគណនេយ្យ និងសវនកម្មនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលជាវិស័យមួយដែលមានសារៈសំខាន់ នៅក្នុងវិស័យដទៃទៀត ជាពិសេស វិស័យធុរកិច្ច, រាជរដ្ឋាភិបាលបានកសាង នូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដែលផ្តើមចេញពីការកសាងមូលដ្ឋានគ្រឹះសម្រាប់ការចុះកិច្ចបញ្ជីកាគណនេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ដោយអនុលោមតាមស្មារតី នៃច្បាប់ស្តីពីគណនេយ្យ និងសវនកម្មដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម្ម១០១៦ ០០៦ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង