យប់ថ្ងៃពុធនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក និងគណៈប្រតិភូ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ..

រាជធានីភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសអាម៉េរិក បានឲ្យដឹងថា លោក អ៊ែនថូនី ប្លីងខិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានដឹកនាំគណៈប្រតិភូមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសុវត្ថិភាពហើយ នៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥។

សេចក្តីប្រកាសព័ត៌មាន ដដែលនេះ បញ្ជាក់ថា ក្នុងជំនួបជាមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជំនួបជាមួយ លោក ប្រាក់ សុខុន លោក អេនតូនី ប្លីងខិន នឹងបង្ហាញក្តីបារម្ភ របស់អាម៉េរិក លើបញ្ហាធំៗមួយចំនួន នៅកម្ពុជា រួមមាន៖ វត្តមានកងទ័ពជើងទឹកចិន នៅលើមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ស្ថានភាពមិនល្អ នៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និង សិទ្ធិការងារ ជាដើម..។

សេចក្តីប្រកាសព័ត៌មានដដែល ក៏បានឲ្យដឹងដែរថា «សហរដ្ឋអាម៉េរិក ជំរុញឲ្យកម្ពុជា មានតម្លាភាពច្បាស់លាស់អំពីសកម្មភាពកងទ័ពជើងទឹកចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ជំរុញឲ្យកម្ពុជា គាំទ្រលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគាំទ្រស្ថាប័នឯករាជ្យក្រៅរដ្ឋាភិបាល ដែលធ្វើការផ្នែកលទ្ធិប្រជាធិបតេយ្យ ជំរុញឲ្យកម្ពុជា ការពារ និងគោរពសិទ្ធិមនុស្ស។  ក្នុងនោះដែរ ក៏រាប់ទាំងសិទ្ធិបញ្ចេញមតិ សិទ្ធិបង្កើតអង្គការ និង សិទ្ធិប្រមូលផ្តុំដោយសន្តិវិធី»៕ រូបភាព: AKP

អត្ថបទដែលជាប់ទាក់ទង