សមត្ថកិច្ចខេត្ដព្រះសីហនុ ចាប់ខ្លួនជនដៃដល់បាញ់ ជនជាតិចិន២នាក់ស្លាប់ និងរបួសម្នាក់ ក្នុងកាស៊ីណូហ្វាងប៉ាលិរិន បានហើយ..

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលជាជនដៃដល់ ក្នុងសកម្មភាពបាញ់សម្លាប់ជនជាតិចិន ចំនួន ០២នាក់ ឲ្យស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួស នៅក្នុងកាស៊ីណូ យីហោហ្វាងប៉ាលិរិន ស្ថិតក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បច្ចុប្បន្ននេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តនេះ ចាប់ខ្លួនបានហើយ។

លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ ប្រាប់បណ្ដាញផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះថា ជនសង្ស័យខាងលើមានឈ្មោះ ZHENG YINGFEI ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយប្រើអាវុធខ្លី ព្រោះមានជម្លោះរឿងជំពាក់លុយ។

បទល្មើសនេះ សមត្ថកិច្ច បានឃាត់ខ្លួនជនជាតិចិនចំនួន ០៣នាក់ រាប់ទាំងជនដៃដល់ផង ប៉ុន្តែក្រោយកម្លាំងជំនាញ បានសាកសួរតាមនីតិវិធីរួច គឺនៅល្ងាចថ្ងៃទី០៣ ខែសីហា ជនជាតិចិនចំនួន ០២នាក់ ដែលពុំមានជាប់ពាក់ព័ន្ធឃាតកម្មខាងលើនេះ ត្រូវបានដោះលែងវិញ។ ចំណែក ជនសង្ស័យ ដែលជាជនដៃដល់ សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង