សិក្ខាសាលាស្តីពី “ វិជ្ជាជីវៈ អាជ្ញាសាលា ” នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សិក្ខាសាលាស្តីពី “ វិជ្ជាជីវៈ អាជ្ញាសាលា ” ក្រោមអធិបតីភាព លោក សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពី លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

ពិធីនេះបានធ្វើឡើង នៅព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសណ្ឋាគារ និងភោជនីយដ្ឋានឆ្នេរថ្មី ក្នុងខេត្តព្រះសីហនុ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា តាំងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារក្រសួងយុត្តិធម៌ ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ជូនដល់សមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការកងរាជអាវុធហត្ថ មន្ទីរពាក់ព័ន្ធក្នុងខេត្ត អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង សាលាសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងព្រះសីហនុ ដើម្បីគោលបំណងផ្សព្វផ្សាយ វិជ្ជាជីវៈអាជ្ញាសាលា ឱ្យបានទូលំទូលាយ និងបញ្រ្ជាបការយល់ដឹង អំពីតួនាទី ភារកិច្ចសិទ្ធិអំណាច និងការអនុវត្តដោយបង្ខំ របស់អាជ្ញាសាលាដល់មន្រ្តីអនុវត្តច្បាប់ ដែលពាក់ព័ន្ធ។

នាឱកាសនោះ លោក សួន វិសាល មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណង ដើម្បីឲ្យមន្រ្តីអនុវត្តច្បាប់យល់ដឹងអំពីសារៈសំខាន់ នៃតួនាទី របស់អាជ្ញាសាលា ព្រោះកន្លងមកបញ្ហាប្រឈមអាចកើតឡើងមួយចំនួន នៅពេលដែលអាជ្ញាសាលាបានអនុវត្តបំពេញការងារ នៅតាមសាលាដំបូងនីមួយៗ ឃើញថា សមត្ថកិច្ចរបស់យើងមិនទាន់យល់ថា តើអាជ្ញាសាលាមានតួនាទីធ្វើអ្វីខ្លះ។

លោកបន្តថា បច្ចុប្បន្នក្រសួងកំពុងតែយកចិត្តទុកដាក់ ដើម្បីឱ្យតួនាទីនេះ មានការរីកចម្រើន ដោយក្រសួងកំពុងតែព្រៀងច្បាប់ លក្ខន្តិកៈ របស់អាជ្ញាសាលា ដើម្បីឱ្យតួនាទីនេះ កាន់តែច្បាស់លាស់ជាងមុន។ ហើយតាមរយៈសិក្ខាសាលានេះ ក៏ជាចំណែកមួយដ៏សំខាន់ សម្រាប់អ្នកអនុវត្តផ្ទាល់លើកនៅបញ្ហា ហើយយើងនឹងយកចំណុចសំខាន់មួយចំនួនបញ្ចូលទៅក្នុង សេចក្ដីព្រៀងច្បាប់របស់យើង។ ដូច្នេះសូមឱ្យសិក្ខាសាលានេះ មានការពិភាក្សាមតិគ្នាឱ្យបានដិតដល់ស៊ីជម្រៅ និងហ៊ានលើកបញ្ហាទាំងអស់ ដែលជួបប្រទះ ងាយស្រួលដល់ក្រសួង ក៏ដូចជាក្រុមការងារបញ្ចូលទៅក្នុង សេចក្តីព្រៀងច្បាប់  សម្រាប់យកទៅអនុវត្តបានល្អប្រសើរ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង