សមត្ថកិច្ចខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការ ករណីបាញ់សម្លាប់ចិន២នាក់ ក្នុងកាស៊ីណូ តុងហ្វាងប៉ាលីរិន

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យប្រព័ន្ធផ្សព្វផ្សាយដឹង នៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ថា ចំពោះអំពីលទ្ធផល នៃការស្រាវជ្រាវបង្ក្រាប បទល្មើសឃាតកម្មគិតទុកជាមុន (ប្រើអាវុធខ្លីបាញ់សម្លាប់បុរសជនជាតិចិន ០២នាក់) និងក្រុមជនប្រដាប់អាវុធ ដែលកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅកាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតក្នុងសង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ហើយជនល្មើសបានគេចខ្លួនបាត់។ ប៉ុន្តែពេលនេះ  កម្លាំងសមត្ថកិច្ច បានសហការណ៍ស្រាវជ្រាវ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន៖

១- ឈ្មោះ Ding PingPing ហៅ Ding QiQi ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិចិន មុនរបរ អ្នកគ្រប់គ្រងកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

២- ឈ្មោះ Xu WeiWei ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុនរបរ គ្រប់គ្រងកាំមេរ៉ាសុវត្តិភាពនៅកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

៣- ឈ្មោះ Du Jian Bo ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន មុនរបរ អ្នកគ្រប់គ្រងសន្តិសុខនៅកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិនជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានដកហូតសម្ភារៈវត្ថុតាងមួយចំនួនមានដូចជា៖

១- អាវុធខ្លីចំនួន ០៥ដើម (អាវុធខ្លីដែលជនសង្ស័យបាញ់ជនរងគ្រោះចំនួន ០៤ដើម និង ចំនួន ០១ដើម ទៀត ឆែកឃើញក្នុងទូរដែក នៃអគារកើតហេតុ)។

២- រថយន្ត ចំនួន ០៣គ្រឿង ជាមធ្យោយបាយធ្វើសកម្មភាព និងរត់គេចខ្លួន។

៤- សម្ភារៈ និងឯកសារមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនសំណុំរឿង ទៅសាលាដំបូង ខេត្តព្រះសីហនុ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២រួចហើយ។

លោក ជួន ណារិន្ទ បន្តថា ចំពោះបទល្មើសខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ ក៏កំពុងបន្តបើកការស៊ើបអង្កេត ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យមួយចំនួនទៀត ដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង