តំណាងរាស្រ្តមណ្ឌល ខេត្តព្រះសីហនុទាំង៣រូប ចុះជួបជាមួយគ្រូបង្រៀនសិស្សានុសិស្ស និងមន្ត្រីរាជការ ក្នុងស្រុកស្ទឹងហាវ
ខេត្តព្រះសីហនុ ៖ អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តព្រះសីហនុ ចំនួន ០៣រូប រួមមាន៖ លោក ចេវ គឹមហេង លោក នេន ម៉ាល័យ និងលោក តាក វណ្ណថា នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យស្ទឹងហាវ និងបាននាំយកសម្ភារៈសិក្សាមួយចំនួនទៅប្រគល់ជូន រួមមាន: សៀវភៅសរសេរចំនួន ២០០០ក្បាល ប៊ិកចំនួន ២០០០ដើម និងសម្ភារៈដាក់ក្នុងបណ្ណាល័យ មានដូចជា: សៀវភៅអានចំនួន ២៦មុខ តុការិយាល័យ ០១ឈុត សម្រាប់ការិយាល័យបណ្ណាល័យ និងតុ ០៣ឈុត សម្រាប់សិស្សអានសៀវភៅ។ ជាងនេះទៀត ក៏បានឧបត្ថម្ភជូនអ្នកគ្រូមានផ្ទៃពោះជិតគ្រប់ខែចំនួន ០២នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ២០មុឺនរៀល។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលនេះ អ្នកតំណាងរាស្ត្រទាំង ០៣រូប ក៏បានបន្តចុះជួបសំណេះសំណាលជាមួយ មន្ត្រីចូលនិវត្តន៍ និងមន្ត្រីរាជការចំនួន ៨២នាក់ ហើយបានឧបត្ថម្ភជាថវិកា ក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀលផងដែរ៕