រដ្ឋបាលក្រុងព្រះសីហនុ មិនអនុញ្ញាតឲ្យពលរដ្ឋលក់ដូរតាមផ្លូវ ឬតាមឆ្នេរសមុទ្រទៀតទេ ព្រោះប៉ះពាល់សណ្តាប់ធ្នាប់ និងសោភ័ណភាពឆ្នេរសាធារណៈ

ក្រុងព្រះសីហនុ ៖ អាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមផ្លូវ និងតាមឆ្នេរសាធារណៈមួយចំនួន ក្នុងក្រុងព្រះសីហនុ ជាថ្មីទៀត ដោយបានប្រើប្រាស់វិធានការរដ្ឋបាល ចាប់ដកហូតសម្ភារៈលក់ដូរមួយចំនួន រួមមាន៖ តុ កៅអី និងសម្ភារៈជាច្រើនទៀត យកទៅរក្សាទុកនៅសាលាក្រុង។

សកម្មភាពនេះ ធ្វើឡើងនៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ដឹងនាំដោយ លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ។

លោកស្រីអភិបាលរង បញ្ជាក់ថា សកម្មភាពដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ និងបានដកហូតយកសម្ភារៈមួយចំនួនពីអ្នកលក់ដូរខាងលើនេះ ធ្វើឡើងក្រោយពេល អាជ្ញាធរក្រុង បានចុះអប់រំអ្នកលក់ដូរទាំងនោះ ជាបន្តបន្ទាប់ និងបានហាមឃាត់មិនឲ្យពលរដ្ឋទាំងនោះ នាំយកសម្ភារៈលក់ដូរ ដាក់លក់តាមចិញ្ចើមផ្លូវ និងឆ្នេរសមុទ្រ នាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថាន នៅតាមផ្លូវ និងតាមឆ្នេរសាធារណៈទាំងនោះ..។

យ៉ាងនេះក្តី សម្រាប់ក្រុមប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរចល័តនៅតាមឆ្នេរសមុទ្រមួយចំនួន ធ្លាប់បានស្នើសុំឲ្យអាជ្ញាធរក្រុងព្រះសីហនុ មានការយោគយល់ដល់ពួកគាត់ ដោយបញ្ជាក់ថា ពួកគាត់ គ្មានកន្លែងលក់ដូរ ដើម្បីរកប្រាក់ចំណូល សម្រាប់ចិញ្ចឹមគ្រួសារប្រចាំថ្ងៃទេ។

ទោះជាបែបនេះក្តី អាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ បានសង្កត់ធ្ងន់ថា រាល់ការលក់ដូរចំណីអាហារ ការដាក់ជួលទីតាំង និងដាក់ជួលសម្ភារៈផ្សេងៗ របស់ពលរដ្ឋខាងលើ បានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ បរិស្ថាន នៅតាមផ្លូវ និងឆ្នេរសមុទ្រសាធារណៈ សម្រាប់ផ្តល់កន្លែងកម្សាន្តជូនពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដោយមិនគិតលុយ..។

បន្ថែមលើនេះ រដ្ឋបាលក្រុងព្រះសីហនុ បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋ មិនត្រូវនាំយក តុ កៅអីដាក់លក់អាហារចំណីផ្សេងៗ ជួលកន្លែងអង្គុយ ឬជួលសម្ភារៈ សម្រាប់ដាំស្ល នៅលើឆ្នេរសាធារណៈទៀតទេ ព្រោះអាជ្ញាធរ នឹងមិនអនុញ្ញាត ឲ្យធ្វើបែបនេះទៀតទេ៕

អត្ថបទដែលជាប់ទាក់ទង