ឃាតកម្មបាញ់សម្លាប់ បង្កដោយជនជាតិចិន បន្តកើតមានទៀតហើយ ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ឃាតកម្មរវាងជនជាតិចិន ជាមួយជនជាតិ បានបន្តកើតមាន និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ ដែលចូលមកកម្សាន្ត ក្នុងខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ០១រំលងអាធ្រាត្រឆ្លងចូល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២  កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តព្រះសីហនុ បានសហការណ៍ចុះបង្ក្រាបសង្ស័យបទល្មើសឃាតកម្ម មួយករណី ស្ថិតនៅមុខ សណ្ឋាគា៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងព័ត៌មានបឋមថា ក្រោយមានហេតុការណ៍ផ្ទុះអាវុធ គឺមានរថយន្ត ០១គ្រឿង ម៉ាកឡង់គ្រីស័រ៥៧០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២BA-៦១១១ របស់ជនសង្ស័យបានបើកគេចឆ្ពោះមកផ្លូវជាតិលេខ៤។ ហើយក្រោយ កម្លាំងសមត្ថកិច្ច ទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ ក៏បានស្ទាក់ ចុះល្បាតមកដល់ចំណុចភូមិអណូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានប្រទះឃើញ រថយន្តខាងលើ។ ហើយភ្លាមៗនោះ រថយន្ត របស់ក្រុមជនសង្ស័យ ក៏បានរេចង្កូតមកខាងឆ្វេងដៃ (ទិសដៅទៅភ្នំពេញ) រួចបុកបង្គោលភ្លើងពេញទំហឹង ទៅមុខលែងរួច។

សមត្ថកិច្ច បន្តទៀតថា នៅក្នុងរថយន្ត របស់ជនសង្ស័យ មាន
បុរសជនជាតិចំនួន ០៤នាក់  រងរបួសធ្ងន់ ០២នាក់ និងស្លាប់ចំនួន០២នាក់។ ក្នុងនោះ សមត្ថកិច្ច បានឆែករកឃើញ អាវុធខ្លីចំនួន ០១ដើម ម៉ាក CF។ ខ្នោះដៃ និងសំភារៈមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យចំនួន ០២នាក់ (រងរបួស) និងសាកសព ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ។ ចំណែកវត្ថុតាង ត្រូវកម្លាំងជំនាញនគរបាល យកទៅរក្សាទុក ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង