គណៈកម្មាធិការគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បន្តស្វែងរកគន្លឹះ ​រក្សាសុខសុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ ទៅកម្សាន្តតាមកោះនានា

ខេត្តព្រះសីហនុ ៖ តំណាងថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំរដ្ឋបាលក្រុងកោះរ៉ុង បានបើកកិច្ចប្រជុំជាមួយបណ្តាក្រុមហ៊ុនទូកល្បឿនលឿន ប្រយោជន៍ដើម្បីធ្វើឲ្យប្រាកដថា ប្រជាពលរដ្ឋរស់នៅតាមបណ្តាកោះនានា ជាពិសេស​ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលធ្វើដំណើរកម្សាន្តនៅតាមបណ្តាកោះនីមួយៗ នាខេត្តព្រះសីហនុ ទទួលបានសុខសុវត្ថិភាព។

កិច្ចប្រជុំនេះធ្វើឡើង កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ​២០២២ ដោយមានវត្តមានតំណាងថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងកោះរ៉ុង និងតំណាងក្រុមហ៊ុនទូកល្បឿនលឿន បានចូលរួម។

យោងតាមកំណត់ហេតុ នៅក្នុងកិច្ចប្រជុំនោះ មានសមាសភាពចូលរួមពិភាក្សា​ចំនួន ២១នាក់ ដោយខ្លឹមសារសំខាន់ៗ នៃការស្នើសុំ របស់រដ្ឋបាលក្រុងកោះរ៉ុងរួមមាន៖

១- ស្នើសុំរបាយការណ៍ភ្ញៀវធ្វើដំណើររៀងរាល់ថ្ងៃ ដូចជាចំនួនភ្ញៀវសរុបពេលចេញពីគោលដៅដើមទី និងចំនួនភ្ញៀវ ដែលបានចុះតាមគោលដីនីមួយៗ ពីសមាគម​ឲ្យត្រូវគ្នាជាមួយរបាយការណ៍ របស់សមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធ។

– ជាការឆ្លើយតប របស់សាខាគណបក្ស៖ បានបកស្រាយថា គ្រប់បណ្តាក្រុមហ៊ុនជាសមាជិកសាខាគណបក្ស បានអនុវត្តរួចមកហើយ ពីរបាយការណ៍ នៃចំនួនភ្ញៀវជារៀងរាល់ជើង ដែលបានចេញពីដើមទី ដោយរួមបញ្ចូលសរុបទាំងអ្នកភូមិ តាម (គ្រុបព័ត៌មានលើទូក) របស់នគរបាលចរាចរណ៍ជើងទឹក និងព្យាយាមរាប់ចំនួនភ្ញៀវ ដែលចុះតាមគោលដៅនីមួយៗ ជូនបន្ថែមទៀត។

២- រដ្ឋបាលក្រុងកោះរ៉ុង បានស្នើសុំសាខាគណបក្ស ជួយសហការ និងមន្ត្រីពាក់ព័ន្ធរួមគ្នាការពារសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកលេងកម្សាន្ត ក្នុងខេត្តព្រះសីហនុ។

– ត្រង់ចំណុចនេះ ជាការឆ្លើយតប របស់សាខាគណបក្ស បានជម្រាបជូនរដ្ឋបាលក្រុងកោះរ៉ុងថា ចំពោះគ្រប់បណ្តាក្រុមហ៊ុន ដែលជាសមាជិក របស់សាខាគណបក្ស តែងតែជួយគូរ​សុខ សុវត្ថិភាព របស់ភ្ញៀវ ដែលបានធ្វើដំណើរតាមទូក របស់សាខាគណបក្ស ជាប់ជានិច្ច ប៉ុន្តែសម្រាប់ភ្ញៀវ ដែល​ធ្វើដំណើរតាមទូក មិនមែនជាទូក របស់សាខាគណបក្ស គឺមិនអាចធានាបានទេ។

៣- បន្ថែមលើនេះ រដ្ឋបាលក្រុងព្រះសីហនុ ក៏បានស្នើសុំសាខាគណបក្ស ជួយបន្ថែមជើងទូកគោលដៅ ភូមិរ៉ុងសន្លឹម ចំណុច(ផែ)២៣ ដោយសព្វថ្ងៃនេះ មានតែទូក របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី តែមួយប៉ុណ្ណោះ ដែលបានចូលចត និងស្នើសុំឲ្យសាខាគណបក្សជួយផ្សព្វផ្សាយពីឈ្មោះ ភូមិរ៉ុងសន្លឹម ចំណុច(ផែ)២៣ មិនមែន ភូមិ២៣ ទេ ដើម្បីជៀសវាងមានការយល់ច្រឡំតៗគ្នា។

– ចំណុចនេះ ជាការឆ្លើយតប របស់សាខាគណបក្ស បានបញ្ជាក់ថា ការិយាល័យសាខាគណបក្ស នឹងលើកជារបាយការណ៍ដាក់ជូន លោកប្រធាន និងក្រុមហ៊ុន ជាសមាជិក ឲ្យមានការឯកភាពក្នុងការចូលចត ព្រោះដោយសារបច្ចុប្បន្ននេះ មិនមានភ្ញៀវច្រើនទេ ដែលត្រូវធ្វើដំណើរទៅចំណុច(ផែ)​២៣នេះ ប៉ុន្តែបើមានភ្ញៀវ ដែលត្រូវទៅ និងត្រឡប់មកវិញ ផុតម៉ោងជើងទូកក្រុមហ៊ុន ជី.ធី.វី.ស៊ី ​នឹងព្យាយាមផ្សព្វផ្សាយតាមគ្រុប សាខាគណបក្ស ដើម្បីសាកសួរទៅក្រុមហ៊ុនផ្សេងទៀត ដើម្បីឆ្លើយតប។

យ៉ាណាក៏ដោយចុះ នៅចំណុចចុងក្រោយ តំណាងសាខាគណបក្ស បានពាំនាំ​នូវការយកចិត្តទុកដាក់ពី លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ចំពោះសុខសុវត្ថិភាព របស់ស្ត្រីមានផ្ទៃពោះ ដែលជិតសម្រាល និងស្នើសុំឲ្យរដ្ឋបាលក្រុងកោះរ៉ុង យកចិត្តទុកដាក់ណែនាំ​ដល់ពួកគាត់ ឲ្យត្រូវប្រញ៉ាប់មកមន្ទីរពេទ្យ ដើម្បីត្រៀមសម្រាល និងមានសុវត្ថិភាព ដោយកុំចាំដល់ពេលឈឺពោះទើបប្រកាសរកមធ្យោបាយធ្វើដំណើរពីដីកោះ ឆ្ពោះមកកាន់មន្ទីរពេទ្យ  ព្រោះអាចនឹងយឺតពេលវេលា ណាមួយរដូវនេះជារដូវវស្សាផង អាចនឹងមានភ្លៀង និងព្យុះផង..៕

អត្ថបទដែលជាប់ទាក់ទង